ត្បូងឃ្មុំៈ កាលពី ថ្ងៃសុក្រ ៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១និង១៥នាទី មានប្រជាពលរដ្ឋបានទូរស័ព្ទមក លោកវរសេនីយ៍ឯក ឈន សុធន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសួង ថា “មានករណីអគ្គិភ័យនៅចំណុចឃ្លាំងសិប្បកម្មកែច្នៃឈើ (ឡុង ស្រេង)” ។ បន្ទាប់ពីទទួលបានព័ត៌មាននេះហើយ លោកអធិការ បានបញ្ជាទៅមន្ត្រីជំនាញអគ្គិភ័យក្រុងសួង ចេញទៅអន្តរាគមន៍ភ្លាម និងបានរាយការណ៍មកលោក បែន រ័ត្ន ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។ លោកក៏បានបញ្ជាឲ្យមន្ត្រីជំនាញរថយន្តសង្គ្រោះពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាន ចំនួន ០២គ្រឿង អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ចំនួន ០១គ្រឿង ស្រុកអូររាំងឪ ចំនួន ០១គ្រឿង ចេញជួយអន្តរាគមន៍ ជាបន្ទាន់ ។
ហេតុការណ៍នេះបានកើតឡើង នៅចំណុច ភូមិវិហារខ្ពស់ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ អគ្គិភ័យនេះបានឆាបឆេះលេបត្របាក់ឃ្លាំង ផ្ទុកអាចម៍រណា ដំបូលស័ង្កសី កន្លែងសិប្បកម្មកែច្នៃឈើ (ឡុង ស្រេង) ខូចខាតសរុបចំនួន ០២ឃ្លាំង៖
១. ឃ្លាំង ផ្ទុកអាចម៍រណាដំបូលស័ង្កសី បណ្តោយ ២៥ម៉ែត្រ គុណ ២៥ម៉ែត្រ ។
២.ឃ្លាំង ផ្ទុកអាចម៍រណា ដំបូលស័ង្កសី បណ្តោយ ១២ម៉ែត្រ គុណ ៩ម៉ែត្រ ។
ករណីនេះ ដឹកនាំដោយ លោកវរសេនីយ៍ឯក សុខ វណ្ណា នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ លោកវរសេនីយ៍ឯក ឈន សុធន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសួង កម្លាំងនគរបាលប្រតិបត្តិការជួយអន្តរាគមន៍សរុបចំនួន ៤៣នាក់ និងប្រើប្រាស់ រថយន្តសង្គ្រោះពន្លត់អគ្គិភ័យចំនួន ០៥គ្រឿង ប្រើទឹកអស់ចំនួន ៣២រថយន្ត ស្មើនឹង ១២៨ម៉ែត្រគូប (រថយន្តស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំចំនួន ០២គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ចំនួន ០១គ្រឿង ស្រុកអូរាំងឪ ចំនួន ០១គ្រឿង និង ក្រុងសួង ០១គ្រឿង) ទើបរលត់ជាស្ថាពរ។
គួររំលឹកផងដែរថា លោក បែន រ័ត្ន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ធ្លាប់មានប្រសាសន៍ ប្រាប់ដល់មន្ត្រី ក្រោមឱវាទ ក្នុងករណីមាន ហេតុការណ៍អគ្គិភ័យកើតមានឡើង ត្រូវទៅជួយអន្ដរាគមន៍ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋទាន់ពេលវេលា ៕
មតិយោបល់