ព័ត៌មានជាតិ

គោចំនួន២ក្បាល ត្រូវភ្លើងឆេះងាប់ក្នុងក្រោលនាពេលយប់ ព្រឹកឡើងទើបម្ចាស់ដឹង

បន្ទាយមានជ័យ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានសត្វគោចំនួន០២ក្បាល បានងាប់ស្ទើរឆ្អិនទាំងមូល ខណ:ពេលភ្លើងឆេះក្រោល ។ ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង០០និង៣០នាទីយប់រំលងអធ្រាត្រ​ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលរដ្ឋបាល បានឲ្យដឹងថា ម្ចាស់គោឈ្មោះ ឧិក អឿន ភេទប្រុស អាយុ៦៥ឆ្នាំ ភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ប្រភពដដែលបានបញ្ជាក់ថា តាមការបំភ្លឺឲ្យដឹងពីម្ចាស់គោ នៅយប់កើតហេតុ គាត់បានយកធូបសម្រាប់ដុតបំពក់មូស ឲ្យគោគាត់ចំនួន០២ក្បាល នៅក្នុងក្រោល ដែលមានចម្ងាយប្រហែល១០០ម៉ែត្រខាងកើតផ្ទះ ចៃដន្យពេលនោះ ភ្លើងធូបបានរាលទៅឆេះចំបើង ដែលដាក់ឲ្យគោស៊ី បណ្តាលឲ្យឆេះក្រោលគោងាប់សត្វគោគាត់ទាំង០២ក្បាលនោះ ដោយពុំបានដឹងថាឆេះក្រោលគោទេ នៅពេលភ្លឺឡើងទើបដឹងថាឆេះក្រោលគោឃើញសត្វគោគាត់ទាំង០២ដេកងាប់ក្នុងភ្នក់ភ្លើង គួរឲ្យសោកស្តាយជាពន់ពេក ៕

មតិយោបល់