ព័ត៌មានជាតិ

មន្ត្រីប៉ូលីសស័ក្តិ៤ នៅក្រសួងមហាផ្ទៃម្នាក់ សងសឹកគំនុំចាស់ដកកាំភ្លើងបាញ់មិត្តរបស់ខ្លួន ២គ្រាប់ នៅខណ្ឌដង្កោ

ភ្នំពេញៈ នៅវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ មានករណីផ្ទុះអាវុធ ២គ្រាប់ ស្ថិតតាមបណ្ដោយផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ជាប់ព្រុំប្រទល់ និងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនដៃដល់ឈ្មោះ កេត ផារ៉េន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរជាមន្ត្រីប៉ូលីសស័ក្តិ៤ នៅក្រសួងមហាផ្ទៃ។
ជនរងគ្រោះឈ្មោះ ប៊ុន ស៊ិម ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ និងគ្នីគ្នា ៤នាក់ទៀត បានជិះម៉ូតូចេញពីកន្លែងហូបអី ម្ដុំបឹងត្របែករួចជូនមិត្តទៅផ្ទះនៅកន្លែងកើតហេតុ លុះមកដល់មុខផ្ទះ ជនដៃដល់ចុះពីក្នុងឡាន ដើរឆ្លងផ្លូវមកសួរនាំពីរបីម៉ាត់ ហើយក៏ឆ្លងថ្នល់ត្រឡប់ទៅវិញ ស្រាប់តែបើកកញ្ចក់ឡាន ដកកាំភ្លើងខ្លីបាញ់ចំជនរងគ្រោះត្រង់ជើងមួយគ្រាប់រងរបួសបញ្ជូន ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមួយគ្រាប់ទៀត ចំទ្វាររងការខូចខាតបែកខ្ទេច បន្ទាប់ពីបង្កហេតុរួច ជនដៃដល់បើករថយន្តគេចខ្លួនបាត់ស្រមោល។

មូលហេតុ៖ គំនុំចាស់ទាស់សម្ដីគ្នាបន្តិចបន្តួចរយៈពេល ២ឆ្នាំមកហើយ។

ករណីនេះ ក្រោយពីកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ ដើម្បីស្វែងរកជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់