ព័ត៌មានជាតិ

កុងតឺន័រ ផ្តួលរថយន្តឃ្លុបដឹកទំនិញឲ្យដេកទាំងព្រឹក រួចជ្រុលឡើងសួនច្បារធ្វើព្រងើយ

ភ្នំពេញ: រថយន្តដឹកកុងតឺន័រមួយគ្រឿង បើកបរក្នុងល្បឿនលឿន ជ្រុលទៅបុក រថយន្ត ឃ្លុបដឹកទំនិញមួយគ្រឿងទៀតពីក្រោយ បណ្តាលឲ្យក្រឡាប់ដេកស្តូក ហើយរថយន្តបង្កនោះ បានជ្រុលឡើងសួនច្បារចែកទ្រូងផ្លូវ ។ ទោះបីជាយ៉ាងណា ពុំបណ្តាលឲ្យមនុស្សរងរបួសឡើយ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៥និង៣០នាទីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ លើមហាវិថីឈ្នះឈ្នះ ក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តបង្កគ្រោះថ្នាក់ដឹកកុងតឺន័រម៉ាក INTERNATION ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-2500 បើកបរដោយឈ្មោះ ជិន បុល ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅភូមិថ្មី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ចំណែករថយន្ត ដែលក្រឡាប់ម៉ាក HYUNDAI ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2AG-4917 ជារថយន្តឃ្លុបដឹកប្រហិតបើកបរដោយឈ្មោះ នាង ដារ៉ូ ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅភូមិទួលខ្ជាយ ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

តាមនគរបាលឲ្យដឹងថា គ្រោះថ្នាក់នេះ បណ្តាលមកពីរថយន្ត ដឹកកុងតឺន័រ បើកក្នុងល្បឿនលឿនមកបុករថយន្ត ដឹកប្រហិតពីក្រោយបណ្តាលឲ្យប្រកាប់តែម្តង ។ រីឯសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្ត ទាំង ២គ្រឿង ធ្វើដំណើរ ក្នុងទិសដៅ ពីកើតទៅលិច ស្របទិសគ្នា នៅពេលបើកបរមកដល់កន្លែងកើតហេតុ រថយន្តកុងតឺន័រ ក៏បានជ្រុលទៅបុក រថយន្តឃ្លុប បណ្តាលឲ្យក្រឡាប់ ដេកស្តូក ហើយរថយន្តបង្កដឹកកុងតឺន័រក៏បានជ្រុល ទៅឡើងសួនច្បារ ចែកទ្រូងផ្លូវ ។ បន្ទាប់ពីគ្រោះថ្នាក់នគរបាលមូលដ្ឋាន ក៏បានចុះទៅដល់កន្លែងកើតហេតុ ទាក់ទងនគរបាលចរាចរណ៍ ចុះមកវាស់វែង រួចបញ្ជូនរថយន្តទាំង២គ្រឿង ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយសងការខូចខាតរថយន្ត និងទ្រព្យសម្បត្តិសាធារណ:របស់រដ្ឋ៕

មតិយោបល់