ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ បានបង្រ្កាបមធ្យោបាយគ្រប់ប្រភេទ (ម៉ាស៊ីន បំពងសំឡេង ស៊ីម៉ាំងប្រែន) នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែលបង្កការរំខានដល់ការសំរាក ការរស់នៅ ដល់ថ្នាក់ដឹកនាំ ទូត ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ វិនិយោគបរទេស ព្រមទាំងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ សាធារណៈក្នុងសង្គម។ ប្រតិបត្តិការនេះ ចាប់ពីវេលាម៉ោង ៦ និង០០នាទីព្រឹក រហូតដល់ម៉ោង២៤ និង៣០នាទី។
ចំពោះមុខកម្លាំងអធិការដ្ឋាននគរបាល បានធ្វើសកម្មភាពត្រួតពិនិត្យ និងបង្ក្រាបតាមបណ្តោយផ្លូវរួមមាន៖ ១-ផ្លូវព្រះមុន្នីវង្ស ២-ផ្លូវព្រះនរោត្តម ៣-ផ្លូវព្រះសុរាម្មរិទ្ធ ៤-ផ្លូវសុធារស់ ៥-ផ្លូវព្រះស៊ីសុវត្ថិ ៦-ផ្លូវក្រមួនស ៧-ផ្លូវ២៤០ជាប់ព្រះបរមរាជវាំង ៨-ផ្លូវ២៤២ និងរង្វង់មូលវិមានឯករាជ្យ។
ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានបង្ក្រាបបានម៉ូតូចំនួន ១២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីធ្វើការអប់រំ ណែនាំដល់ម្ចាស់យានយន្ត បញ្ឈប់ការប្រើប្រាស់មធ្យោបាយ ខុសប្រក្រតី៕



មតិយោបល់