ព័ត៌មានជាតិ

កម្លាំងនគរបាល២ខណ្ឌ ឆ្មក់ចូលបង្រ្កាបល្បែងខុសច្បាប់២ទីតាំង ឃាត់ខ្លួនជនសង្ស័យស្រីប្រុស៣១នាក់

ភ្នំពេញ: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ជនសង្ស័យប្រុសស្រីសរុប៣១នាក់ ដែលប្រមូលផ្តុំធ្វើសកម្មភាព លេងល្បែងស៊ីសង និងផ្តល់ទីតាំងបើកល្បែងខុសច្បាប់ អនុវត្តផ្ទុយគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព ត្រូវបានកម្លាំងនគរបាលខណ្ឌចំនួន២ គឺខណ្ឌទួលគោកនិងខណ្ឌ ប្ញស្សីកែវ រាជធានីភ្នំពេញចេញ បង្រ្កាបចាប់ខ្លួនយកទៅអនុវត្តតាមនីតិវិធី។

​បើយោងតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ឱ្យដឹងថា នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ទីតាំងបើកលេងល្បែងបៀរខុសច្បាប់០១កន្លែង ស្ថិតនៅក្រុមទី៤ ភូមិបឹងសាឡា សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ត្រូវបានកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឆ្មក់ចូលបង្រ្កាបចាប់ឃាត់ខ្លួនទាំងម្ចាស់ទីតាំង និងអ្នកលេងល្បែងចំនួន១៩នាក់ ក្នុងចំណោមអ្នកលេងល្បែងទាំងនោះ ភាគច្រើនជាស្រ្តីគឺមានបុរសតែ០៤នាក់ ប៉ុណ្ណោះ ដកហូតវត្ថុតាងបៀរចំនួន០១ហ៊ូ ប្រាក់ចំនួន៥០ម៉ឺនរៀល ធុងដាក់យកតុង០១និងកម្រាលក្រណាត់០១ ។ ដោយអ្នកលេងល្បែង១៨នាក់ ត្រូវតំណាងអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញអនុញ្ញាត ដោះលែងត្រឡប់ទៅផ្ទះវិញ តម្រូវឱ្យពួកគេធ្វើកិច្ចសន្យា បញ្ឈប់ សកម្មភាពលេងល្បែងខុសច្បាប់ ។ ចំណែកអ្នកចាត់ចែងទទួលខុសត្រូវផ្តល់ទីតាំង ឱ្យបើកលេងល្បែងខុសច្បាប់ម្នាក់ឈ្មោះ គ្រី សុនត្រា ភេទបស្រី អាយុ២៩ឆ្នាំ ត្រូវបាននគរបាលកសាងសំណុំរឿង ចាប់បញ្ជូនយកទៅចាត់ការតាមផ្លូវច្បាប់។

​មួយករណីទៀត នៅថ្ងៃដដែលបើយោងតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ឱ្យដឹងថា ទីតាំងបើកលេងល្បែងហ្គេម បាញ់ត្រីខុសច្បាប់មួយកន្លែង ស្ថិតនៅចំណុចផ្ទះលេខ២០ ផ្លូវលេខ៣២៦ ក្រុមទី៣៣ ភូមិ៥ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក សហការជាមួយអាជ្ញាធរខណ្ឌ ចុះទៅបង្រ្កាបហើយចាប់ឃាត់ខ្លួនជនសង្ស័យប្រុសស្រី១២នាក់ ក្នុងចំណោមនោះមានអ្នកលេងចំនួន១១នាក់ ចំណែកម្ចាស់ទីតាំងម្នាក់ ត្រូវបាននាំខ្លួនយកមកសាកសួរនៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ។ ក្នុងនោះក៏បានដកហូតវត្ថុតាងរួមមាន ទូរហ្គេមបាញ់ត្រីចំនួន០២ទូ,ទូហ្គេមបៀរ០៥ទូរ,កុំព្យូទ័រល្បែង joker ចំនួន០៤គ្រឿង ,វត្ថុតាងទាំងនេះបាននាំយកទៅរក្សាទុក នៅសាលាខណ្ឌទួលគោក ។

​សូមបញ្ជាក់ នៅក្នុងគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព ដែលមាន០៩ចំណុច ដាក់ចេញដោយក្រសួងមហាផ្ទៃ ការលេងល្បែងស៊ីសងខុសច្បាប់ ជាបទល្មើសស្ថិតនៅចំណុចទី៥ នៃភូមិ សង្កាត់មានសុវត្ថិភាព ដែលត្រូវបានច្បាប់ហាមឃាត់ដែលការផ្តើមចេញពីល្បែងស៊ីសងនេះ គេមើលឃើញថា ជាផ្នែកមួយបានបង្ករងផលប៉ះពាល់អសន្តិសុខសង្គម ។ ការដាក់ចេញនូវគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ក្នុងគោលបំណងបន្តកសាងពង្រឹងសេចក្តីសុខសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ដល់ជនគ្រប់រូប នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយ:ការតស៊ូលប់បំបាត់បទល្មើស គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន៕

មតិយោបល់