ព័ត៌មានជាតិ

បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុកសាជី ដែលម្ចាស់ឈើដាក់នៅខាងមុខគំនរឈើ

ពោធិ៍សាត់: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុកសាជី ដែលម្ចាស់ឈើដាក់នៅខាងមុខគំនរឈើ ហើយម៉ូតូមិនទាន់អស់ល្បឿនជ្រុលទៅបុកគំនរបង្គោលឈើទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់នោះ បានកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៨នឹង១៥នាទី ស្ថិតក្នុងភូមិទន្សាយគល់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាក Wave ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ខេង ខឿន ហៅគ្រាក់ អាយុ៣៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិទួលអណ្តែត ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ធ្វើចរាចរណ៍ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុកសាជី ដែលម្ចាស់ឈើដាក់នៅខាងមុខគំនរឈើរួច ជ្រុល ទៅបុកគំនរបង្គោលឈើនៅលើចិញ្ចើមផ្លូវមុខផ្ទះរបស់ឈ្មោះ ទឹម សាវឿន អាយុ៥៣ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិទន្សាយគល់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បណ្តាលឲ្យជនរងគ្រោះដួលបោកក្បាលទៅនឹងគំនរបង្គោលឈើបណ្តាលឲ្យបែកក្បាលស្លាប់នៅនឹងកន្លែងតែម្តង។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរបានបញ្ជាក់ថា ក្រោយពីនគរបាលជំនាញចុះពិនិត្យដល់កន្លែងកើតហេតុ និងបានសន្និដ្ឋានថា សពជនរងគ្រោះស្លាប់នេះគឺពិតជាស្លាប់ដោយករណីគ្រោះចរាចរណ៍ពិតប្រាកដមែន។

ប្រភពរបាយការណ៍បានបន្តថាយោងតាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៩នឹង២១នាទី បានបញ្ជាតាមទូរស័ព្ទឲ្យសមត្ថកិច្ចនគរបាលប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់