សៀមរាបៈ នាយអាវុធហត្ថខេត្តកំពង់ធំគឺលោកសេង ប៊ុនតេង ប្រឈមជាប់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ ករណីកាងឈើក្រញូង ដោយតុលាការរកឃើញបទល្មើសចំនួន២គឺទី១(រារាំងដល់ការបំពេញភារកិច្ចរបស់មន្ត្រីរដ្ឋបាលព្រៃឈើ តាមមាត្រា១០០ ស្តីពី ច្បាប់ព្រៃឈើ)និងទី២(សមគំនិតក្នុងអំពើដឹកជញ្ជូននិងប្រមូលផលអនុផលព្រៃឈើតាមមាត្រា៩៨កថាខ័ន្ត២ចំនុច៥ច្បាប់ស្តីពីព្រៃឈើនិងមាត្រា២៩នៃក្រមព្រហ្មទ័ណ្ឌ។
មានប្រសាសន៍ប្រាប់អ្នកកាសែតនៅថ្ងៃទី១០ខែសីហានេះលោកសំ ប៊ុនពៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងថា តុលាការបានសម្រេចឃុំខ្លួនលោក វរសេនីយ៍ត្រី សេង ប៊ុនតេង(សក្ក័៤)ប៉េអឹមខេត្តកំពង់ធំម្នាក់កាលពីល្ងាចថ្ងៃទី០៩ខែសីហាឆ្នាំ២០១៦ដែលបានចោទ២ករណីពីបទទី១(រារាំងដល់ការបំពេញភារកិច្ចរបស់មន្ត្រីរដ្ឋបាលព្រៃឈើ តាមមាត្រា១០០ ស្តីពី ច្បាប់ព្រៃឈើ) និង ទី២សមគំនិត ក្នុងអំពើដឹកជញ្ជូននិងប្រមូលផល អនុផលព្រៃឈើ តាមមាត្រា៩៨កថាខ័ន្ត ២ ចំនុច៥ ច្បាប់ស្តីពីព្រៃឈើ និងមាត្រា២៩នៃក្រមព្រហ្មទណ្ឌ ដែលមានទោស ចាប់ពី១ឆ្នាំដល់៥ឆ្នាំ ។
យោងតាមប្រភពមួយបានឲ្យដឹងថា បន្ទាប់ពីបានឃើញនៅតាមបណ្តាញផ្សព្វផ្សាយមួយចំនួនបានចុះផ្សាយ ទើបពួកគេបានសម្តែងការត្រេកអរ ព្រោះជនម្នាក់នេះដែលធ្លាប់តែរត់ការនិងកាងឡានឈើត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តសៀមរាប ចាប់បញ្ជូនទៅតុលាការដាក់គុកទៅវិញម្តង។ ប្រភពបានបន្តឲ្យដឹងថា លោកវរសេនីយ៍ត្រី សេង ប៊ុនតេងគឺជាកូនចៅជំនិតរបស់លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំហើយក៏ជាអ្នករកសេដ្ឋកិច្ចឲ្យមេផងដែរ ទើបគេមានដំណែងធំនៅបានយូរនិងធ្វើព្យុះភ្លៀងបានស្រេចតែចិត្ត។
ប្រភពបានបន្ថែមថា លោកវរសេនីយ៍ត្រី សេង ប៊ុនតេង តែងតែរត់ការឈើក្រញូងរាប់សិបឆ្នាំមកហើយចេញពីខេត្តឧត្តរមានជ័យឆ្លងកាត់ខេត្តសៀមរបនិងខេត្តព្រះវិហារមកខេត្តកំពង់ធំឆ្ពោះទៅកាន់ទីផ្សារងងឹតនៅព្រំដែនវៀតណាម។ សូមរំលឹកថា លោកវរសេនីយ៍ត្រី សេង ប៊ុនតេង អាវុធហត្ថខេត្តកំពង់ធំ ត្រូវបានកម្លាំងចម្រុះ ព័ទ្ធដេញចាប់ប្រថាប់ប្រភីញ ចេញពីរង្វង់មូលបន្ទាយស្រី ពេញផ្លូវហ្វាយវេរហូតដល់ផ្លូវជាតិលេខ៦ក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគងទើបចាប់ខ្លួនបានទាំងមនុស្សទាំងរថយន្តចាប់ពីម៉ោង៤និង៣០នាទីរហូតដល់ម៉ោង៥និង៣០នាទីថ្ងៃទី០៩ខែសីហាឆ្នាំ២០១៦ស្ថិតនៅចំនុចផ្លូវជាតិលេខ៦ ក្នុងភូមិស្វាយជ័យ ឃុំត្រពាំងធំស្រុកប្រាសាទបាគងខេត្តសៀមរាបដែលដឹកនាំកម្លាំងដោយលោកទាគឹមសុទ្ធនាយរដ្ឋបាលព្រៃឈើខេត្តនិងសម្របសម្រួលដោយលោកជួន សុបញ្ញា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប។
មន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថា ដោយមានសេចក្តីរាយការណ៍មកថាមានរថយន្តដឹកឈើឆ្លងកាត់ស្រុកបន្ទាយស្រីហើយបានដាក់កម្លាំងទៅតាមដានមើល រួចឃើញក៏បានធ្វើការស្ទាក់សួរនាំខណៈពេលនោះមានរថយន្ត លុច ស៊ីស (LEXUS)៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ២.L.៩៨៦១។មន្ត្រីដដែលបន្តថាបន្ទាប់ពីដាក់កម្លាំងនិងរថយន្តជាច្រើនគ្រឿងដេញចាប់ពេលនោះមានរថយន្តលុចស៊ីស(LEXUS)៤៧០ពណ៌ខ្មៅដែលមានស្លាកលេខទុកសម្រាប់ដោះដូរចំនួន២ មុខក្រោយ មានលេខ កំពង់ធំ ២A.៤៤៤០ បានបើកមកកាក់ឈប់ពីមុខមិនឲ្យរថយន្តសមត្ថកិច្ចពាក់ព័ន្ធ ធ្វើដំណើទៅមុខ បាន ពេលនោះលោកបានបញ្ជាឲ្យព័ទ្ធដាក់រថយន្តទាំងអស់មុខក្រោយ ដើម្បីចាប់រថយន្តដែលកាងនិងរារាំងបទល្មើសព្រៃឈើនោះ រួចបញ្ជូនទៅតុលាការ ភ្លាមៗផងដែរ។
មន្ត្រីដដែលបញ្ជាក់បន្ថែមទៀតថាជនសង្ស័យដែលកាងឈើនោះមានឈ្មោះ សេង ប៊ុន តេង ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរវរសេនីយ៍ត្រី (ស័ក្ក៤) ខេត្តកំពង់ធំម្នាក់នេះ មានទីលំ នៅបច្ចុប្បន្ន ភូមិព្រៃតាហ៊ូ ឃុំព្រៃតាហ៊ូ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ដែលបានបើករថយន្តម៉ាកលុច ស៊ីស (LEXUS)៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២.L.៩៨៦១ ជិះម្នាក់ឯង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានចៅក្រមស៊ើបសួរ សម្រេចបញ្ជូនទៅដាក់ពន្ធនាគារហើយដែលប្រឈម ពី១ឆ្នាំដល់៥ឆ្នាំ ករណីកាងឈើក្រញូង។ដោយឡែកមានសេចក្តីរាយការណ៍ថ្មីៗនេះមកថា មានបុគ្គលមានលុយនិងអំណាចបានមកតុលាការដើម្បីចង់ដោះស្រាយឲ្យនៅក្រៅសំណាញ់ច្បាប់។តែទោះជាយ៉ាងណានេះជាឆន្ទានុសិទ្ធិរបស់តុលាការប៉ុណ្ណោះ៕
មតិយោបល់