ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឆក់យកទូរស័ព្ទដៃ

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ករណីឆក់យកទូរស័ព្ទដៃ នៅចំណុចផ្លូវលំ ភូមិ ព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ សុខ អ៊ី ភេទស្រី ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១៧២៧ ផ្លូវបេតុង ភូមិ ព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មេផ្ទះ។
១-ជនសង្ស័យឈ្មោះ ស៊ឹម សុធារិទ្ធ ភេទប្រុស ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ អ្នកដឹកទំនិញតាមអនឡាញ។
២-ជនសង្ស័យឈ្មោះ ហេង បញ្ញារ៉ូត ភេទ ប្រុស ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិ ក្រពើហា សង្កាត់ ព្រែកឬស្សី ក្រុង តាខ្មៅ ខេត្ត កណ្តាល មុខរបរ មិនពិតប្រាកដ។

 

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯង ដោយដាក់ទូរស័ព្ទចំនួន០២គ្រឿងនៅក្នុងហោប៉ៅខោខាងឆ្វេង ពេលនោះស្រាប់តែជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃទាំង០២គ្រឿង ហើយជិះម៉ូតូរត់ ពេលនោះជនរងគ្រោះបានស្រែកឆោឡោឡើង ទន្ទឹមនោះសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម ក៏បានដេញឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ យកមកសាកសួរប៉ុស្តិ៍។
វត្ថុតាងចាប់យក៖ ទូរស័ព្ទចំនួន០២គ្រឿង ម៉ាកអាយហ្វូនអេស ពណ៍ខ្មៅ និងម៉ាករៀលមី ពណ៍ប្រផេះ ជារបស់ជនរងគ្រោះ, ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1II 8225។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានប្រគល់ទូរស័ព្ទដៃទាំងគ្រឿង ជូនជនរងគ្រោះវិញ តាមការស្នើសុំ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

 

មតិយោបល់