ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៩និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ និងកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីលួច (ម៉ូតូ) កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២៣ និង៤៥នាទី ស្ថិតនៅចំណុចមុខផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មន្រ្តីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា៖ ជនសង្ស័យ ១-ឈ្មោះ ហេង សុខឡា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។ ២-ឈ្មោះ ហែម ជីវ័ន្ត ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។ ជនរងគ្រោះឈ្មោះ ឌុល សក្កដា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ក្រុម៨ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរអ្នកដឹងជញ្ជូនអនឡាញក្រុមហ៊ុន E-gets ។
ប្រភពដដែល បានឲ្យដឹងទៀតថា ៖ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២៣និង៣០នាទី ជនរងគ្រោះឈ្មោះ ឌុល សក្កដា ភេទប្រុស អាយុ ១៨ឆ្នាំ ជិះម៉ូតូ ០១គ្រឿងម៉ាកស៊ុយស៊ូគីនិច ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ ១IA -៧១៤០ ចតទុក (ដោយមិនបានដកសោចេញពីម៉ូតូ) នៅមុខផ្ទះជួល ផ្លូវលំ ក្រុម៣ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) រួចក៏ចូលរៀបចំអីវ៉ាន់នៅក្នុងផ្ទះ មួយសន្ទុះក្រោយមកឮសម្លេងបញ្ឆេះម៉ូតូចេញមកមើលម៉ូតូស្រាប់តែបាត់តែម្តង បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ឲ្យសមត្ថកិច្ចជួយស្រាវជ្រាវចាត់ការតាមផ្លូវច្បាប់ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យមើលកាមេរ៉ាសុវត្ថិភាពក្បែរកន្លែងកើតហេតុឃើញជនសង្ស័យចំនួន ០៣នាក់ឈ្មោះ ហេង សុខឡា,ឈ្មោះ ហែម ជីវ័ន្ត និងឈ្មោះ វ៉ាន់ បានមកធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ រួចជិះគេចខ្លួនបាត់ទៅ ។ លុះមកដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៩និង៣០នាទី សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ឈ្មោះ ហេង សុខឡា និង ហែម ជីវ័ន្ត នៅក្នុងផ្ទះសំណាក់គ្រួសារ ស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២តែម្តង ចំណែកជនសង្ស័យឈ្មោះ វ៉ាន់ បានរត់គេចខ្លួនបាត់ ។
ចំណែកឯវត្ថុតាងរួមមាន៖
-សោទីបលេខ៨ចំនួន ០១ដើម និងដែកចុងស្រួចចំនួន ០១ ដើម ។
បច្ចុប្បន្នជនសង្ស័យទាំងពីរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕
មតិយោបល់