ឧត្តរមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយតាមបញ្ជារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិ និង តាមការចង្អុលបង្ហាញ ដឹកនាំផ្ទាល់ពី សំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជា មេបញ្ជាការប្រចាំទិសភូមិភាគ៤-៥ ដែលបានដាស់តឿន ក្រើនរំលឹកជាប្រចាំ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោកតាមខ្យែបន្ទាត់ព្រំដែន ឲ្យយកចិត្តទុកដាក់ រឹតបន្ដឹងការចេញ-ចូលខុសច្បាប់តាមច្រករបៀង ដើម្បីទប់ស្កាត់ការរាលដាលវីរុសកូវីដ-១៩ ពីប្រទេសជាតិខាង ។
ជាក់ស្តែង កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៩-២០នាទី កម្លាំងនគរបាលការពារព្រំដែនគោកលេខ៧០២ របស់ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅចំណុចច្រករបៀងអូរខ្លាឃ្មុំ ស្ថិតនៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានបង្ក្រាប បទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់១ករណី ធ្វើឡើងដោយ ទ្រី ឃុន ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង បានធ្វើសកម្មភាពនាំជនរងគ្រោះឈ្មោះ រ៉ន វល័ក្ខ ភេទស្រីអាយុ ៣០ឆ្នាំ មានទីលំនៅភូមិពង្រ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ លួចឆ្លងដែនចូលទៅក្នុងប្រទេសថៃដើម្បីទៅរកការងារធ្វើដោយបង់លុយអោយ១៥០០បាត ។
បច្ចុប្បន្ននេះ កម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ហើយត្រូវបានលោក វ៉េង ហ៊ត់ ចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត ដោយចោទពីបទ ការនាំយកចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ៕
មតិយោបល់