ព័ត៌មានជាតិ

សូមបងប្អូនប្រយ័ត្ន! រកឃើញ អាល់កុលក្លែងក្លាយ ដាក់លក់នៅតាមបណ្ដាឱសថស្ថានមួយចំនួន

រតនគិរីៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ មន្រ្តីសាខា ក.ប.ប. ខេត្តរតនគិរី បានបន្តចុះត្រួតពិនិត្យ គុណភាពអាល់កុល និងអង្កេតតម្លៃលក់ម៉ាស់ នៅតាមបណ្តាឱសថស្ថានមួយចំនួន ស្ថិតនៅខេត្តរតនគិរី។

គោលបំណងនៃការចុះប្រតិបត្តិការ គឺដោយសង្កេតឃើញថា ក្នុងពេលថ្មីៗនេះ មានម្ចាស់ឱសថស្ថាន ឬអាជីវករមួយចំនួន ឆ្លៀតឱកាស ដាក់លក់អាល់កុល ជែលលាងដៃក្លែងក្លាយ និងលក់ម៉ាស់មានតម្លៃខ្ពស់ កេងយកផល ចំណេញហួសហេតុ មិនគិតពីផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ស្របពេលដែលប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសលើពិភពលោក កំពុងជួបប្រទះគ្រោះនៃការរីករាលដាល នៃវីរុស COVID-19 ។

ជាលទ្ធផល មន្រ្តីជំនាញ បានរកឃើញអាល់កុលក្លែងក្លាយ (មេតាណុល) សរុបចំនួន ៤៥.៥០លីត្រ។ បន្ទាប់មក មន្រ្តីសាខា ក.ប.ប. បានធ្វើកំណត់ហេតុ និងដកហូតអាកុលក្លែងក្លាយទាំងនោះ យកមកដុតកម្ទេចចោល ជាមួយទំនិញដែលដកហូតបាន ក្នុងខែធ្នូនេះចំនួន ២៧៥.១០គីឡូក្រាមផងដែរ។

ក្នុងឱកាសនោះដែរ មន្រ្ទីជំនាញបានសំណូមពរ ដល់អាជីវករ សូមមេត្តាកុំឆ្លៀតឱកាសលក់ផលិតផលម៉ាស និងអាកុល សម្រាប់លាងសំអាតដៃ កឹបកេងយកផលចំណេញហួសហេតុ និងសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ កុំទិញផលិតផល អាល់កុលណា ដែលគ្មានស្លាកសញ្ញា និងប្រភពច្បាស់លាស់ ដើម្បីជៀសវាងការទិញផលិតផលក្លែងក្លាយ ឬគ្មានគុណភាព យកមកប្រើប្រាស់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិត៕

មតិយោបល់