ភ្នំពេញៈ ជនសង្ស័យចំនួន ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច បង្ក្រាបឃាត់ខ្លួនបាន ពាក់ព័ន្ធនឹងករណីប៉ុនប៉ងឆ្កឹះសោទ្វារបន្ទប់ជួល លួចយកទ្រព្យសម្បត្តិពលរដ្ឋ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១០យប់។
ជនសង្ស័យទី១-ឈ្មោះ អឿន សុភ័ក្រ ហៅ ងូក ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី២-ឈ្មោះ អ៊ន ប៊ុនហៀង ហៅ ឌីកូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនកើតហេតុម្ចាស់បន្ទប់ឈ្មោះ ថៃ ភេទប្រុស អាយុ៣១ឆ្នាំ បានចាក់សោទ្វារបន្ទប់ជួល នៅភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល រួចចេញទៅដើរលេងបាត់។ រហូតដល់វេលាកើតហេតុ ស្រាប់តែមានជនសង្ស័យខាងលើ បានបើកម៉ូតូម៉ាកហ្វីណូ ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខ ភ្នំពេញ 1AD-3912 ចេញពីកន្លែងនៅម្តុំបុរីអូគីដេ សង្កាត់អូរបែកក្អម មកម្ដុំភូមិត្រពាំងឈូក សង្កាត់កន្ទោក ដើម្បីរកឈ្មោះ ថា និងរកឆ្កឹះសោបន្ទប់ជួលរបស់គេ។ ពេលជិះម៉ូតូមកដល់ដីឡូតិ៍ ឃើញមានបន្ទប់ជួលជាច្រើន ជនសង្ស័យ បានឈប់ម៉ូតូ ដោយម្នាក់ បានដើរឡើងទៅជាន់ទី២ ឃើញមានបន្ទប់មួយ ចាក់សោពីខាងក្រៅ ទើបជនសង្ស័យ បានធ្វើសកម្មភាពឆ្កឹះសោ ខណៈម្នាក់ទៀតឈរមើលផ្លូវ។ ស្របពេលនោះឈ្មោះ សំ ម៉ាឡែន (ជាអ្នកមើលការខុសត្រូវតាមបន្ទប់ជួល) ចេញពីបន្ទប់មកឃើញជនសង្ស័យ ក៏សួរនាំ ស្រាប់តែជនសង្ស័យ បានរត់ចុះទៅក្រោមជិះម៉ូតូ ដើម្បីគេចខ្លួន តែត្រូវឈ្មោះ សំ ម៉ាឡែន រត់ដេញតាម ហើយស្រែកថា”ចោរៗ” ស្របពេលដែលកម្លាំងល្បាតរបស់ប៉ុស្ដិ៍នគរបាលរដ្ឋបាលកន្ទោកទៅដល់ ក៏ធ្វើការចាប់ឃាត់ជនសង្ស័យទាំង២នាក់បាន ហើយឆែកឆេរលើម៉ូតូ ឃើញដែកលួសកែច្នៃ សម្រាប់ឆ្កឹះមេសោចំនួន២ រួចក៏នាំជនសង្ស័យ និងវត្ថុតាងមកកាន់ប៉ុស្ដិ៍កន្ទោកដើម្បីសួរនាំ។
បច្ចុប្បន្ន ជនសង្ស័យ ទាំង ០២នាក់ ត្រូវបានកម្លាំងជំនាញនៃ អធិការដ្ឋាននគរបាល ខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់