ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាក្នុងគ្រួសារ និងវាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈ

ពោធិ៍សាត់: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ពីបទប្រើហិង្សាក្នុងគ្រួសារ និងវាយបំផ្លិតបំផ្លាញទ្រព្យសម្បត្តិសាធារណ: បណ្តាលឲ្យខូចខាតមួយចំនួន ហេតុការណ៍នេះកើតឡើងកាលពី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៧ និង០០នាទី ស្ថិតនៅក្នុង ភូមិពោធិអង្រ្កង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិសាត់ ។

មន្ត្រីនគរបាលស្រុកក្រគរ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភិន ភាន់ ភេទស្រី អាយុ៣៧ឆ្នាំ ត្រូវជាប្រពន្ធ មុខរបរកម្មករោងចក្រ មានកូនប្រុស៤នាក់ រស់នៅក្នុង ភូមិពោធិអង្រ្កង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិសាត់ ចំណែកឯជនសង្ស័យជាប្តី ឈ្មោះ គុច គិត ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។

តាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យ គឺសមត្ថកិច្ចធ្វើឡើងតាមបណ្តឹងរបស់ឈ្មោះ ខួន គឹមលាង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រប់គ្រងបណ្តាញអគ្គិសនី ឃុំបឹងកន្ទួត និង បណ្តឹងរបស់ជនរងគ្រោះដែលជាប្រពន្ធ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៩ និង៣០នាទី ថាកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ជនសង្ស័យខាងលើ បានយកដំបងវ៉ៃបង្គោលម៉ូប៊ីនភ្លើងបណ្ដាលឱ្យបែក និងបានប្រើប្រាស់អំពើហិង្សាវាយ ទៅលើប្រពន្ធ ខណ:ពេលគាត់ត្រឡប់មកពីធ្វើការនៅរោងចក្រមកដល់ផ្ទះ ប្ដីខ្លួនបានស្ទុះចេញពីក្នុងផ្ទះមកទះកំផ្លៀងជនរងគ្រោះជាច្រើនកំផ្លៀង ដោយមិនដឹងពីមូលហេតុអ្វីឡើយ បណ្ដាលឲ្យជនរងគ្រោះបែកថ្ពាល់ខាងឆ្វេង ។ ជនរងគ្រោះបានរើបំរះរត់គេចខ្លួនទៅផ្ទះ របស់ ឈ្មោះ ដេត ជន អ្នកនៅជិតខាង ចំណែកប្តីខ្លួនបានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ នៅក្នុងផ្ទះហើយវាយជញ្ជាំងផ្ទះបុកដំបូលផ្ទះ ប្រមូលខោអាវដុតចោលទាំងអស់ មិនត្រឹមតែទ្រព្យសម្បត្តិខ្លួនឯងទេ ប្តីខ្លួនបានទៅវាយបំផ្លិចបំផ្លាញកាប៊ីនភ្លើងនៅក្បែរផ្ទះ បណ្ដាលឲ្យដាច់ភ្លើង និងខូចកាប៊ីនភ្លើងទាំងស្រុង គ្មានភ្លើងប្រើប្រាស់មួយភូមិផងដែរ ។

របាយការណ៍បានបន្តថាការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ មិនត្រឹមតែមួយដងនឹងទេ គឺច្រើនលើកច្រើនសារហើយ តែជនរងគ្រោះជាប្រពន្ធចេះតែទ្រាំ មិនតែប៉ុណ្ណោះជនសង្ស័យក៏ធ្លាប់យកទៅដាក់ នៅមណ្ឌលបន្សាបគ្រឿងញៀនចំនួន៣ដងផងដែរ តែនៅពុំរាងចាល។

របាយការណ៍បានបន្តទៀតថា បន្ទាប់ពីបានធ្វើសកម្មភាពរួចប្តីខ្លួន ក៏បានរត់គេចខ្លួនទៅដេកផ្ទះបងប្អូនជិតខាង លុះព្រឹកឡើងស្រ្តីរងគ្រោះបានមកប្ដឹងសមត្ថកិច្ចចុះ ទៅដល់កន្លែងកើតហេតុ រីឯប្តីរបស់ខ្លួន បានរត់គេចខ្លួនបាត់ រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៧និង ៣០នាទីល្ងាចទើបសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន នៅលើផ្ទះម្ដាយបង្កើតរបស់ជនសង្ស័យ ស្ថិតនៅក្នុងភូមិពោធិអង្រ្កង ឃុំបឹងកន្ទួតស្រុកក្រគរខេត្តពោធសាត់។

ក្រោយពីសមត្ថកិច្ចចាប់ខ្លូនបានពិនិត្យឃើញថា ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់សារធាតុញៀន និងបានបញ្ជូនខ្លួនទៅអធិការដ្ឋាន នគរបាលស្រុកក្រគរតាម ការបញ្ជារបស់ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៩ និង២៩នាទី ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់