បន្ទាយមានជ័យៈ គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តកាមរី បើកទៅបុក និងគោយន្តកន្ត្រៃដឹកដើមប្រេងខ្យល់ ពេញទំហឹង បណ្តាលឲ្យអ្នកបើកគោយន្ត របួសធ្ងន់ និងអ្នករួមដំណើរ របួសស្រាល ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅចំនុចលើផ្លូវ លេខ258D ចន្លោះគីឡូម៉ែត្រ9.10 ស្ថិតក្នុងភូមិ ស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ត្រី ជា ពិសី មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ បានឲ្យដឹងថា មុនពេលកើតហេតុ នោះ មានរថយន្តកាម៉ារីបាឡែន ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A.3121 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានធ្វើដំណើរពីជើងទៅត្បូង លុះបើកមកដល់ចំនុចកើតហេតុ ដោយសារតែមេឃងងឹត និងបើកក្នុង ល្បឿនលឿនទៀតផង ក៏រេចង្កូតទៅបុកគោយន្តកន្ត្រៃ ដឹកដើមប្រេងខ្យល់ ដែលមានគោលដៅពីត្បូង ទៅជើង បណ្តាលឲ្យអ្នកបើកគោយន្តរបួសធ្ងន់ ចំណែកអ្នករួមដំណើររបួសស្រាយ។
លោក ជា ពិសី បានបន្ដទៀតថា អ្នកបើកគោយន្ត មានឈ្មោះ ផាន់ ធួយ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិតាម៉ា សង្កាត់ ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ, អ្នករួមដំណើរមានឈ្មោះឆយ លីវ ភេទស្រី អាយុ៤៣ឆ្នាំត្រូវជាប្រពន្ធរបួសស្រាល ចំណែកអ្នកបើករថយន្តកាមរី ចុះគេចខ្លួនបាត់។
បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះ ដឹកមកកាន់ មណ្ឌលសុខភាពឃុំកូបដើម្បីសង្គ្រោះជីវិត រីឯ រថយន្ដកាម៉ារី និងគោយន្ត ត្រូវបាននគរបាលចរាចរណ៍ យកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកអូរជ្រៅ ដើម្បីធ្វើទៅតាមនីតិវិធីច្បាប់៕
មតិយោបល់