ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ កាលពីវេលាម៉ោង៩ និង១៥ និងវេលាម៉ោង១១ និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែ១ ក្នុងស្រុកក្រគរ បង្កឡើងដោយរថយន្តបុកម៉ូតូ ដែលកំពុងឡើងវ៉ារថយន្តបាញ់ទឹក និងម៉ូតូបុកម៉ូតូបត់ឆ្វេង បណ្តាលឲ្យមនុស្ស៥នាក់ស្រីម្នាក់ រងរបួសធ្ងន់ និងត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ។
ករណីគ្រោះចរាចរណ៍ទី១៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩និង១៥ នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយ រថយន្តម៉ាក (កាម៉ារី៩៥) ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2C 6017 (ធ្វើចរាចរណ៍ពីត្បូងទៅជើង) បើកបរដោយឈ្មោះ គឹម សុមាស ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ លុះដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយម៉ូតូម៉ាក (វ៉េវអែស) ពណ៌ក្រហមលាយខ្មៅ គ្មានផ្លាកលេខបើកច្រាសទិសគ្នា បើកបរដោយឈ្មោះ ផាត់ ម៉ាច ភេទ ប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់ បណ្តាលឲ្យខូចរថយន្ត ០១គ្រឿង ម៉ូតូ០១ គ្រឿងនិង រងរបួសធ្ងន់មនុស្សប្រុសម្នាក់ ។ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ (ឯកជន) ខេត្តពោធិ៍សាត់ ។ ចំពោះរថយន្ត និងម៉ូតូត្រូវបានគេយកមករក្សាទុក បណ្ដោះអាសន្ននៅប៉ុស្ដិ៍រដ្ឋបាលឈើតុំ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ។
ចំណែកឯករណីគ្រោះចរាចរណ៍ទី២៖ នៅចំណុចផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅវេលាម៉ោង១១និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយម៉ូតូម៉ាក Honda ធុន ១២៥ ផ្លាកលេខ ពោធិ៍សាត់ ១H-១៨០៥ ពណ៌ខ្មៅ (ធ្វើចរាចរណ៍ពីត្បូងទៅជើងបត់ឆ្វេង) បើកបរដោយឈ្មោះ ម៉ុន ភឿន ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិទទឹង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ (រងរបួសធ្ងន់) អ្នករួមដំណើរ ឈ្មោះ ប៉ៃ សុគន្ធ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ ឃុំខាងលើ (រងរបួសធ្ងន់) លុះមកចំណុចខាងលើ បានបុកនឹងម៉ូតូម៉ាក Honda ធុន ១២៥ ផ្លាកលេខ ភ្នំពេញ ១HU-០៧៥៦ ពណ៌ខ្មៅ (ធ្វើចរាចរណ៍ស្របទិសគ្នា)។
អ្នកបើកបរ ឈ្មោះ ទៀក អ៊ីសា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ឥស្លាម រស់នៅភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ (រងរបួសធ្ងន់) អ្នករួមដំណើរឈ្មោះ ហ៊ីម គ្រី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ឥស្លាម រស់នៅភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (រងរបួសធ្ងន់) ម៉ូតូទាំងពីរគ្រឿងខាងលើ ត្រូវបានគេយកមករក្សាទុកនៅ អធិការដ្ឋានគរបាលស្រុកក្រគរ ដើម្បីចាត់ការទៅតាមនីតិវិធី ។
ប្រភពរបាយការណ៍ពីអធិការដ្ឋាននគរបាលស្រុកក្រគរ បានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចនគរបាលចុះពិនិត្យដល់កន្លែងកើតហេតុរួច ហើយបានធ្វើការសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងពីរករណីនេះ បណ្តាលមកពីកត្តាល្បឿន និងការបត់ឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន ៕
មតិយោបល់