ព័ត៌មានជាតិ

កាត់ទោសបុរសជនជាតិចិនម្នាក់ និងខ្មែរម្នាក់ រឿងនាំស្ត្រីខ្មែរ ទៅការនៅចិន

ភ្នំពេញ: នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះលោក សាន សុផាត ចៅក្រមជំនុំជម្រះសាលាដំបូង រាជធានីភ្នំពេញ បានលើកយកសំណុំរឿង នាំយកស្ត្រីខ្មែរ យកទៅរៀបការ នៅប្រទេសចិន មកធ្វើការបើកសវនាការ ជំនុំជម្រះជាសាធារណ:។

ជនជាប់ចោទទី១មានឈ្មោះ Xu Xian Dai ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន និងទី២ឈ្មោះ ហេង សេង ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ ត្រូវបានលោក លី សុផាណា តំណាងអយ្យការចោទប្រកាន់ពីបទ នាំចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន ប្រព្រឹត្តនៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោស តាមប្បញ្ញត្តិមាត្រា ១១ នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

នៅក្នុងសវនាការជនជាប់ចោទឈ្មោះ Xu Xian Dai បានបដិសេធថាខ្លួន មិនបានមានបំណងយកនារីរងគ្រោះទៅរៀបការ ជាមួយជនជាតិចិន នៅប្រទេសចិនទេ គឺគ្រាន់តែចង់នាំ នាងដើរលែងនៅប្រទេសចិនតែប៉ុណ្ណោះ។

ជនជាប់ចោទឈ្មោះ ហេង សេង បានសារភាពថា ខ្លួនគ្រាន់តែជាអ្នកបកប្រែ ភាសារចិនឲ្យឈ្មោះ ឈ្មោះ Xu Xian Dai ដែលជួលខ្លួន ក្នុងមួយថ្ងៃ តម្លៃ២០ដុល្លារ ប៉ុន្តែនៅថ្ងៃកើតហេតុមិនទាន់ បានលុយថ្លៃបកប្រែផង ក៏ត្រូវសមត្ថកិច្ច ចាប់ខ្លួនតែម្តង។

យោងតាមរបាយការណ៍ សមត្ថកិច្ចការិយាល័យប្រឆាំងការ ជួញដូរមនុស្ស និងការពារអណីតិជន បានឲ្យដឹងថា នារីរងគ្រោះ (សុំមិនបង្ហាញអត្តសញ្ញាណ) បានអះអាងថា ដំបូងគឺជនជាប់ចោទឈ្មោះ Xu Xian Dai បានស្គាល់នារី រងគ្រោះ នៅខេត្តកំពង់ចាម ដោយបានសន្យា នឹងនារីរងគ្រោះថា នឹងផ្តល់លុយដល់នាងចំនួន ១,៧០០ដុល្លារ ប្រសិនបើនាងព្រមទៅរៀបការ ជាមួយប្តីចននៅប្រទេសចិន ដោយសោហ៊ុយធ្វើដំណើរ និងចំណាយផ្សេងៗ ជនជាប់ចោទជាអនីតិជនចេញទាំងអស់។ លុះព្រមព្រៀងរួចហើយ ថ្ងៃកើតហេតុជនជាប់ចោទ បាននាំនារីរងគ្រោះមកអាកាសយានដ្ឋាន ភ្នំពេញបំរ៉ុងជូននាងឡើង យន្តហោះទៅស្រុកចិន ប៉ុន្តែក្រោយមកត្រូវកម្លាំង សមត្ថកិច្ចបានបង្ក្រាប និងជួយសង្គ្រោះនារី រងគ្រោះក្នុងករណីនេះ ទាន់ពេលវេលា។

សំណុំរឿងនេះត្រូវតុលាការ លើកពេលទៅប្រកាសសាលក្រម នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ខាងមុខ៕

photo_2016-08-11_17-33-01 photo_2016-08-11_17-33-04

មតិយោបល់