(ណៃពិដោ)៖ តុលាការនៅក្រោមរបបយោធាមីយ៉ាន់ម៉ា នៅថ្ងៃចន្ទ ទី១៦ ខែធ្នូនេះ បានចេញសាលក្រមផ្តន្ទាទោសលោកស្រី អោង សាន ស៊ូជី ដាក់ពន្ធនាគាររយៈពេល ៤ឆ្នាំ ពីបទញុះញង់ឱ្យមានការបះបោរប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា និងល្មើសទៅលើវិធានការទប់ស្កាត់ជំងឺ COVID-19។
នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួន អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Zaw Min Tun បានឱ្យដឹងទៀតថាលោកស្រី អោង សាន ស៊ូជីដែលបច្ចុប្បន្នមានអាយុ ៧៦ឆ្នាំ ត្រូវ បានតុលាការកាត់ទោសដាក់ពន្ធនាគារ២ឆ្នាំ នៅក្រោមមាត្រា 505(b) និងទោសដាក់ពន្ធនាគារ២ឆ្នាំទៀត នៅក្រោមច្បាប់ស្ដីពីគ្រោះមហន្តរាយធម្មជាតិ។
សារព័ត៌មាន New York Times កាលពីថ្ងៃអាទិត្យម្សិលមិញក៏បានរាយការណ៍ដែរថា ប្រសិនបើលោកស្រី ស៊ូ ជី ត្រូវបានតុលាការស្ថិតក្នុងរបបយោធាមីយ៉ាន់ម៉ា សម្រេចផ្តន្ទាទោសទៅតាម ការចោទកាន់ទាំងអស់ ពោលគឺទាំង១១បទចោទមែន នោះលោកស្រីនឹងអាចជាប់ពន្ធនាគារ យ៉ាងហោចណាស់ក៏ ១០២ឆ្នាំដែរ ហើយវាក៏នឹងមានន័យថា ជីវិតនយោបាយរបស់លោកស្រីត្រូវបញ្ចប់។
នេះជាសាលក្រមផ្តន្ទាទោសលើកដំបូងហើយ គិតចាប់តាំងពីលោកស្រី អោង សាន ស៊ូ ជី ត្រូវបានចាប់ឃុំខ្លួនក្រោយរដ្ឋប្រហារផ្ទុះឡើង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ ការសម្រេចក្តីត្រូវបានធ្វើឡើង នៅរដ្ឋធានីណៃពិដោ ដោយមិនមានការអនុញ្ញាតឲ្យសារព័ត៌មានទាំងជាតិ និងអន្តរជាតិ ចូលទៅយកព័ត៌មាននោះឡើយ ហើយមេធាវីទាំងអស់ របស់លោកស្រី ស៊ូ ជី ក៏ត្រូវបានហាមឃាត់ មិនឲ្យធ្វើការឆ្លើយឆ្លងណាមួយ ជាមួយក្រុមអ្នកសារព័ត៌មាននោះដែរ៕
ប្រភព៖ Reuters
មតិយោបល់