ព័ត៌មានជាតិ

ផ្ទះមួយខ្នងដែលម្ចាស់ទុកចោលយូរឆ្នាំត្រូវជនមិនស្គាល់មុខលួចដុតបំផ្លាញនៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានហេតុការណ៍អគ្គីភ័យមួយកើតឡើងទៅលើផ្ទះ១ខ្នងធ្វើអំពីថ្មក្រោមឈើលើដែលម្ចាស់ទុកចោលរយ:ពេលប្រមាណ២ឆ្នាំមកហើយដែលករណីនេះត្រូវបានគេសង្ស័យមានជនមិនស្គាល់អត្តសញ្ញាណលួចដុតបំផ្លាញ។
គ្រោះអគ្គីភ័យឆេះផ្ទះនេះបានកើតឡើងនៅវេលាម៉ោង១០និង០០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅក្នុងភូមិគោរដ្ឋានសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថាផ្ទះដែលរងការឆាបឆេះនេះធ្វើអំពីថ្មក្រោមឈើលើមានទំហំ០៤ម៉ែត្រX១៥ម៉ែត្រមានម្ចាស់ឈ្មោះតែវ៉ាន់អាយុ៤៥ឆ្នាំជាមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យបានទុកផ្ទះនេះចោលរយ:ពេល០២ឆ្នាំហើយដោយទ្វារផ្ទះនិងរបងមានការទ្រុឌទ្រោមដែលមនុស្សអាចចេញចូលបាន។
លោកឧត្តមសេនីយ៍ត្រីប៊ុនផេងស្នងការរងទទួលផែនបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះបានឲ្យដឹងដែរថាក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យនេះគឺប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានចំនួន០២គ្រឿងដោយបាញ់ទឹកអស់ចំនួន០២រថយន្តគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងដោយមានការខូចខាតផ្ទះនៅផ្នែកខាងលើអស់តែ១០%ប៉ុណ្ណោះចំពោះទ្រព្យសម្បត្តិនៅក្នុងផ្ទះមិនមាននោះទេហើយក៏គ្មានរងគ្រោះថ្នាក់ដល់មនុស្សឬផ្ទះអ្នកជិតខាងនោះឡើយ។
បើតាមការសន្និដ្ឋានសង្ស័យពួកជនប្រើប្រាស់គ្រឿងញៀនចូលទៅសេពថ្នាំញៀននៅខាងក្នុងនោះហើយលួចផុតព្រោះនៅពេលពិនិត្យក្នុងផ្ទះរកឃើញមានឧបរណ៍សម្រាប់ជក់ថ្នាំមួយចំនួន៕

 

មតិយោបល់