ព័ត៌មានជាតិ

សាំយ៉ុងសណ្តោងរថយន្តខូច ដាច់ខ្សែរេចង្កូតបុកហ៊ីយ៉ាន់ដាយ បណ្តាលឲ្យប្តីស្លាប់ ប្រពន្ធរងរបួស

ពោធិ៍សាត់: នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២និង៣០នាទីទៀបភ្លី មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យម​នុស្ស២នាក់ ស្លាប់និងរងរបួសធ្ងន់ លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៥២-១៥៣ ស្ថិតនៅភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្ត១គ្រឿងម៉ាកស៊ាំយ៉ុង អូសរថយន្តម៉ាកស៊ាំយ៉ុងដឹកបន្លែខូច ធ្វើចរាចរណ៍ទិសដៅពីកើតទៅលិច លុះបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានដាច់ខ្សែសណ្តោង បណ្តាលឲ្យរេចង្កូត ជ្រុលទៅបុករថយន្ត១គ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ។

រថយន្តបង្កម៉ាក ស៊ាំយ៉ុង ពាក់ផ្លាកលេខ កំពង់ធំ 2A 0995 ពណ៌ស្លែ អ្នកបើកបរ ឈ្មោះ នួន មុន្នី ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ បានស្លាប់នៅកន្លែងកើតហេតុ មានទីលំនៅបច្ចុប្បន្នភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ។ មានអ្នករួមដំណើរជាមួយឈ្មោះ យឹម ស៊ីណាត អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធ រងរបួសស្រាល ។ ចំណែករថយន្តរងគ្រោះម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខ ព្រះស៊ីហនុ 3A 7125 ពណ៌ស ធ្វើចរាចរណ៍ ទិសដៅពីកើតទៅលិច ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យភាគីខាងរថយន្តសាំយ៉ុង ដែលជារថយន្តបង្ក បានបាត់បង់អាយុជីវិតប្តី ចំណែកស្រ្តីជាប្រពន្ធនោះវិញបានរងរបួសស្រាល ។ ដោយឡែករថយន្តទាំងពីរគ្រឿង រងការខូចខាត ខ្ទេចធ្ងន់ធ្ងរទាំងសងខាងផងដែរ នៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ វាស់វែង ធ្វើកំណត់ហេតុ ដឹកជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល ។ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាងយកទៅរក្សាទុក ជាបណ្តោះអាសន្ន តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់