ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តកណ្តាលសូមធ្វើការបំភ្លឺករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនៅរមណីយដ្ឋានជន្លុងម្លូក្នុងស្រុកអង្គស្នួល

យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យឹងថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលមានកិត្តិយសសូមធ្វើការបំភ្លឺឆ្លើយតបជូនសាធារណជននិងម្ចាស់គណនីហ្វេសបុកឈ្មោះOunlenដែលបានបង្ហោះនៅក្នុងគណនីហ្វេសបុកផ្ទាល់ខ្លួនមានខ្លឹមសារ៖សូមសំណូមពរដល់អធិការដ្ឋានស្រុកអង្គស្នួលជួយសម្របសម្រួលករណីមានការកាប់សម្លាប់នៅរមណីយដ្ឋានជង្លង់ម្លូដែលមានទីតាំងនៅភូមិចុងបឹងឃុំម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាលទៅលើប្អូនប្រុសឈ្មោះភុំសាមុតក្នុងនាងខ្ញុំជាបងស្រីជនរងគ្រោះសូមសំណូមពរឱ្យសមត្ថកិច្ចប៉ូលីសមេត្តាជួយសម្របសម្រួលក្នុងរឿងនេះផងជួយរកឃាតករឱ្យឃើញដែលវាហ៊ានធ្វើដល់ថ្នាក់ហ្នឹងពេលនេះជនរងគ្រោះមានការរងរបួលធ្ងន់ធ្ងរដែលសម្រាកព្យាបាលនៅពេទ្យលោកសង្ឃ។
ក្រោយពីទទួលបានដំណឹងនេះភ្លាមដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្តលោកអធិការនគរបាលស្រុកអង្គស្នួលបានចាត់កម្លាំងផ្នែកនគរបាលយុត្តិធម៌សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ធ្វើការស៊ើបអង្កេតស្រាវជ្រាវដល់ទីតាំងកើតហេតុភ្លាមៗ។
ជាលទ្ធផលបានបំភ្លឺឱ្យដឹងថា៖
-ជាករណីហិង្សាដោយចេតនា(មានស្ថានទម្ងន់ទោស)
-កើតហេតុថ្ងៃទី៣០ខែមករាឆ្នាំ២០២១វេលាម៉ោង១៤,៣០នាទី។
-ចំណុចរម្មណីយដ្ឋានជន្លុងម្លូភូមិចុងបឹងឃុំម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល។
ជនរងគ្រោះចំនួន០១នាក់(របួសធ្ងន់)-ឈ្មោះភុំសាមុតភេទប្រុសអាយុ២០ឆ្នាំមុខរបរសិស្សនៅភូមិចុងបឹងឃុំម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល។
ជនសង្ស័យប្រហែល១០នាក់មិនទាន់ស្គាល់អត្តសញ្ញាណ។
សភាពនៃរឿងហេតុ៖មុនពេលកើតហេតុថ្ងៃទី៣០ខែមករាឆ្នាំ២០២១វេលាម៉ោងប្រហែល១៥,០០នាទីជនរងគ្រោះបានទៅលេងនៅរម្មណីយដ្ឋានជន្លុងម្លូជាមួយមិត្តភក្តិស្រីៗចំនួន០៤នាក់ទៀតរួមមាន៖
១-ឈ្មោះចិត្តនីតីភេទស្រីអាយុ១៧ឆ្នាំមុខរបរសិស្សនៅអង្គស្រែពោធិ៍ឃុំទួលព្រេជស្រុកអង្គស្នួលខេត្តកណ្តាល។
២-ឈ្មោះផលស្រីលក្ខ័ភេទស្រីអាយុ១៧ឆ្នាំមុខរបរសិស្សនៅភូមិច្រកក្រសាំងឃុំទួលព្រេជស្រុកអង្គស្នួលខេត្តកណ្តាល។
៣-ឈ្មោះធាសុជាតាភេទស្រីអាយុ១៧ឆ្នាំមុខរបរសិស្សនៅភូមិទន្លាប់ឃុំទួលព្រេជស្រុកអង្គស្នួលខេត្តកណ្តាល។
៤-ឈ្មោះសរស្រីលក្ខ័ភេទស្រីអាយុ១៦ឆ្នាំមុខរបរសិស្សនៅភូមិពោធិ៍បួនឃុំម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល។
ក្រោយមកឈ្មោះផលស្រីលក្ខ័ឈ្មោះធាសុជាតាឈ្មោះសរស្រីលក្ខ័បាននាំគ្នាអង្គុយលេងនៅកញ្ចុះផ្សេងគ្នាចំណែកឈ្មោះភុំសាមុតនិងឈ្មោះចិត្តនីតីអង្គុយនៅកញ្ចុះ០២នាក់លុះដល់មោង១៦ជាងស្រាប់តែមានមនុស្ស០១ក្រុមប្រហែល១០នាក់ជិះម៉ូតូមានកាន់កាំបិតដាវមកកាប់ជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ហេីយគេចខ្លួនបាត់អស់ទៅ។
បន្ទាប់មកសាច់ញាតិបាននាំយកជនរងគ្រោះទៅពេទ្យអាតនៅភូមិអន្ទុងក្រវៀនឃុំម្កាក់ហើយបន្តយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃរាជធានីភ្នំពេញបន្តទៀត។
នៅថ្ងៃទី៣១.០១.២០២១កម្លាំងផ្នែកជំនាញស្រុកបានចុះទៅដល់មន្ទីរពេទ្យលោកសង្ឃជួបជនរងគ្រោះនិងសាច់ញាតិដេីម្បីសួរនាំស្ថានភាពជម្ងឺរបស់ជនរងគ្រោះ។
ស្ថានភាពជនរងគ្រោះមានរបួសដូចខាងក្រោម៖
១/មានរបួសក្បាលផ្នែកខាងក្រោយមួយកន្លែង(ផុងលលាដ៍ក្បាលកំពុងតាមដានបន្ត)។
២/មានរបួសខ្នងខាងក្រោយមួយកន្លែងមុតដល់ឆ្អឹងខ្នង។
៣/មានរបួសផ្នែកស្មាខាងឆ្វេងមួយកន្លែងមុតដល់ឆ្អឹងនិងរបួសកំភួនដៃខាងឆ្វេង។
៤/មានរបួសលើខ្នងដៃខាងស្ដាំមួយកន្លែងមុតដល់ឆ្អឹង។
៥/មានរបួសលើប្រអប់ជើងខាងស្ដាំមួយកន្លែងមុតដល់ឆ្អឹង។
៦/មានរបួសលើឆ្អឹងជំនីខាងឆ្វេងមួយកន្លែង។
តាមការបញ្ជាក់របស់គ្រូពេទ្យ៖
-ជនរងគ្រោះនៅសន្លប់មិនដឹងខ្លួន
-ជនរងគ្រោះមិនអាចដកដង្ហើមដោយខ្លួនឯងគ្រប់គ្រាន់ត្រូវការម៉ាស៊ីនអុកស៊ីសែនជួយបាញ់ខ្យល់បន្ថែម។
-ចំពោះការវិវឌ្ឍន៍ជម្ងឺមិនច្បាស់លាស់ឡើយអាចប្រែប្រួលគ្រប់ពេលវេលា។
ចំពោះករណីនេះកម្លាំងផ្នែកជំនាញស្រុកនិងប៉ុស្តិ៍រដ្ឋបាលម្កាក់កំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់។
អាស្រ័យហេតុនេះសូមសាធារណជនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាបជាព័ត៌មាន៕

 

មតិយោបល់