កំពង់ធំៈ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានមានការផ្តាំផ្ញើរដល់ កម្មករ កម្មការិនី នៅរោងចក្រក្តារបន្ទះឡាំងសុងជាង២០០នាក់ ឲ្យរក្សានូវឯកសារការងារ ទោះជាទៅដល់ទីណា កន្លែងណា ក៏ត្រូវរក្សាឯកសារជាប់នឹងខ្លួននោះគឺ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ធ្វើសៀវភៅការងារ ប័ណ្ណការងារនិងលិខិតផ្សេងៗ ដើម្បីងាយស្រួលក្នុងការទទួលសិទ្ធិ ក្នុងការធ្វើការងារកន្លែងផ្សេង រីឯម្ចាស់ក្រុមហ៊ុន គួរតែបង្កើនការយកចិត្តទុកដាក់ជាមួយកម្មករ កម្មការរិនីឲ្យបានខ្លាំងក្លាបន្ថែមទៀត ហើយសូមមេត្តាកុំចាត់ទុកកម្មករ កម្មការរិនីជាខ្ញុំកញ្ជះដាច់ថ្លៃឲ្យសោះ គួរឲ្យតម្លៃពួកគាត់ឲ្យដូចខ្លួនឯងផង លោក លោកស្រីបានចំណេញ លូតលាស់ក៏ដោយសារកម្មករ របស់លោកដែរ ។
ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងពិធីសំណេះសំណាលជាមួយនឹង កម្មករ កម្មការិនី នៅរោងចក្រក្តារបន្ទះ ឡាំងសុងជាង២០០នាក់ ដោយមានការចូលរួមពីសំណាក់លោក អៀង សុភាព ប្រធានមន្ទីរការងារខេត្តកំពង់ធំ និងតំណាងក្រុមហ៊ុន ដែលបានចាត់ធ្វើឡើងនៅក្នុងបរិវេណក្រុមហ៊ុនអង្គរប្លាយវូធ ស្ថិតនៅក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោក អៀង សុភាព ប្រធានមន្ទីរការងារខេត្តកំពង់ធំ បានជំរុញឲ្យក្រុមហ៊ុនគោរពនូវច្បាប់ការងារសម្រាប់កម្មករ និងបង្កើតនូវប្រតិភូបុគ្គលិក ដើម្បីងាយស្រួលក្នុងការរកដំណោះស្រាយនូវបញ្ហាផ្សេងៗដែលនិងប្រឈមដើម្បីរកច្រកដើរជាមួយនិងនិយោជក និងសុំឲ្យក្រុមហ៊ុនបង់បេឡាជាតិ ធានារ៉ាប់រង គ្រប់សមាសភាព ដោយសារតែធ្វើការនៅរោងចក្រក្តាបន្ទះ គឺមានហានិភ័យជាច្រើនយ៉ាង ការបង់បេឡាជាតិវាបានផ្តល់អត្ថប្រយោជន៍ទាំងសងខាង ដើម្បីការពារនៅពេលដែលកម្មករទទួលរងនូវគ្រោះថ្នាក់អ្វីមួយ គឺមានការធានារ៉ាប់រងតាមច្បាប់ ដោយខាងក្រុមហ៊ុនមិនពិបាកបង់៕
មតិយោបល់