ភ្នំពេញៈ មុននេះបន្តិចអ្នកនាងសំ ប៉ូលីដា បានត្រឹមតែអះអាងថាមានរបួសបាក់ជើងស្ដាំប្រឈមនឹងការវះកាត់ ប៉ុន្តែមិនអាចវះកាត់បានព្រោះតែមានជំងឺទឹកនោមផ្អែមប៉ុណ្ណោះ។ អ៊ីចឹងហើយទើបការភ្ញាក់ផ្អើល នៅពេលមានការទម្លាយពីរូបភាពរបស់អ្នកនាង ដែលក្រៅពីបាក់ជើង គឺអ្នកនាងបែរជាមានសភាពរយះច្រមុះធ្ងន់ធ្ងរ និងជាំមុខមួយចំហៀងយ៉ាងខ្លាំង បន្ថែមពីលើសភាពជាំភ្នែក ដែលធ្វើឲ្យមានការប៉ាន់ស្មានថាអ្នកនាងទំនងជារងអំពើហិង្សាច្រើនជាងគ្រោះថ្នាក់ធ្លាក់ពីលើគ្រែ ប៉ុន្តែអ្នកនាងបដិសេធ និងបានសារភាពថាជីវិតរបស់អ្នកនាងពេលនេះកំពុងទ័លខ្លាំង។
បន្ទាប់ពីមានការទម្លាយឲ្យឃើញពីសភាពរងរបួសរបស់អ្នកនាងសំ ប៉ូលីដា ជាសាធារណៈនៅលើបណ្ដាញហ្វេសប៊ុក និងក្នុង Group «គ្រួសារតារាកម្ពុជា» ម្នាក់ៗមានការចោទសួរយ៉ាងខ្លាំងថាអ្វីជាមូលហេតុធ្វើឲ្យអ្នកនាងធ្លាក់ខ្លួនកំសត់ និងមានសភាពរងរបួសដល់ថ្នាក់នេះ។ អ្នកនាងត្រូវគេអះអាងថាកំពុងសម្រាកនៅក្នុងហាងប៊ៀហ្គាឌិនមួយកន្លែងនៅម្ដុំព្រែកហូរ ដែលមើលទៅសភាពរបស់អ្នកនាងគឺមិនខុសពីត្រូវបុគ្គលណាម្នាក់បានប្រើអំពើហិង្សានោះទេ ដោយសារតែច្រមុះក៏រយះខ្លាំង មុខក៏ជាំខ្លាំង ខណៈដែលភ្នែកក៏ខ្មៅដោយដុំ បន្ថែមពីលើជើងស្ដាំដែលបាក់ទាំងស្រុងត្រង់បរិវេណលើ-កជើង។ យ៉ាងណាក៏ដោយក្នុងពេលដែលតារាសិល្បៈរួមមានអ្នកនាងខាត់ សុឃីម និងតារាសិល្បៈជាច្រើនទៀតក្នុងGroup «គ្រួសារតារាកម្ពុជា»មិនមានអ្នកណាហ៊ានសួរនាំអ្នកនាងពីបញ្ហានេះនោះទេ ដោយសារតែស្វាមីរបស់ សំ ប៉ូលីដា គឺជាបុរសល្អមិនទំនងជាអ្នកប្រើប្រាស់អំពើហិង្សាដូចការប៉ាន់ស្មាននោះឡើយ។
អ្នកនាងសំ ប៉ូលីដា មិនបានបញ្ជាក់ពីការងឿងឆ្ងល់របស់មហាជន បន្ទាប់ពីមានការសង្ស័យថាអ្នកនាងត្រូវបុគ្គលណាម្នាក់ប្រើអំពើហិង្សារនោះទេ។ ប៉ុន្តែអ្នកនាងធ្លាប់បានបញ្ជាក់ថា ហេតុផលដែលអ្នកនាងធ្លាក់ដល់សភាពបែបនេះ គឺជាលទ្ធផលដែលអ្នកនាងស្រវឹងខ្លាំងកាលពីយប់ទី៣ សីហា ហើយធ្លាក់រអិលក្រឡាច់ស្បែកជើងកែង ទើបបណ្ដាលឲ្យបោកធ្ងន់ធ្ងររហូតបាក់ជើង និងរបួសមុខធ្ងន់ធ្ងរ។ អ្នកនាងថារបួសបន្ទាប់ពីដួល បានធ្វើឲ្យអ្នកនាងមានសភាពធ្ងន់ធ្ងរមិនគួរឲ្យជឿ ដោយបែកមុខមាត់ និងបាក់ជើងខាងស្ដាំ។ បើទោះជាមានអ្នកខ្លះសង្ស័យថាសភាពរយះច្រមុះ និងជាំមុខមួយចំហៀងរបស់អ្នកនាងថាជាហេតុផលត្រូវស្វាមីវាយ ក៏អ្នកនាងត្រូវបានតារាសិល្បៈភាគច្រើនក្នុងគ្រុប«គ្រួសារតារាកម្ពុជា» និងមហាជនភាគច្រើនបង្ហាញការអាណិតអាសូរ ដោយរួមគ្នាផ្ដល់ថវិកាឲ្យ។
អ្នកនាងខាត់ សុឃីម បានអះអាងថាសំ ប៉ូលីដា ពេលនេះក្រៅពីមានរបួសហើយក៏អត់ទាំងលុយទិញទឹកដោះគោឲ្យកូនផងដែរ ហើយដោយសារអ្នកនាងអត់មានអ្នកណាមើលថែក្រៅពីស្វាមី ទើបអ្នកនាងត្រូវបានស្វាមីសុំមេការប៊ៀហ្គាឌិនឲ្យសម្រាកនៅហាង ដើម្បីបានមើលខុសត្រូវចាប់តាំងពីមានរបួសធ្ងន់៕
មតិយោបល់