ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណ បើករថយន្តបុករងរបួសធ្ងន់ នៅក្រុងតាខ្មៅ

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ០៣ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនិងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៩ និង ០០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមួយ រវាងរថយន្ត និង ម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់បុរសម្នាក់ ត្រង់ចំណុច ច្រកចូលសត្តឃាតដ្ឋាន លោក ផុន ថាច លើផ្លូវជាតិ២១A ស្ថិតនៅភូមិលេខ ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ដំណើររឿង៖ មុនកើតហេតុមានរថយន្តមួយគ្រឿង ម៉ាក HINO ពណ៌ខៀវ ពាក់ផ្លាកលេខ ចង្កូតស្ដាំ PP-0925 អ្នកបើករថយន្ត មិនទាន់ស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីត្បូង ទៅជើង រួចឆ្លងផ្លូវបត់ឆ្វេងទៅលិច ក៏បានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាក YAMAHA MX King ពណ៌ក្រហម ពាក់ផ្លាកលេខ កណ្ដាល 1AG-0561 (មិនពាក់មួកសុវត្ថិភាព និង គ្មានកញ្ចក់មើល) អ្នកបើកម៉ូតូឈ្មោះឆាយ សុខឆៃ ភេទប្រុស អាយុ២១ ឆ្នាំ មានទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ (រងរបួសធ្ងន់ ត្រូវបានបងប្អូនដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជម្នះ) ម៉ូតូបើកក្នុងទិសដៅពីលិច ទៅ កើត ។

ការខូតខាត ម៉ូតូស្រាល ០១ គ្រឿង និង រថយន្តស្រាល ០១ គ្រឿង ។ ចំពោះមធ្យោបាយ ពាក់ព័ន្ធត្រូវបានសមត្ថកិច្ច យកមករក្សាទុក​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាន​ដើម្បី​ចាត់ការ​តាមតិវិធី៕

មតិយោបល់