ព័ត៌មានជាតិ

រន្ធត់ណាស់! គ្រោះថ្នាក់ចរាចរណ៍ ២ ករណីផ្សេងគ្នា នៅក្រុងសិរីសោភ័ណ បណ្ដាលឲ្យមនុស្ស ២នាក់ និងរបួសធ្ងន់ម្នាក់

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្សចំនួន០២នាក់ បានស្លាប់ និង០១នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងចំនួន០២ករណី ដោយឡែកពីគ្នា នៅស្រុកអូរជ្រៅនិងក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ៖ នៅវេលាម៉ោង ០៧និង២០នាទីយប់ថ្ងៃទី១៤ខែមករា ឆ្នាំ២០២១ ចំណុច បង្គោលភ្លើងលេខ៣៨៣-៣៨៤ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ មានគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងរវាង រថយន្ត០១គ្រឿងមិនស្គាល់ម៉ាក ពណ៌ស បើក្នុងទិសដៅពីខាងកើតទៅលិច បុកអ្នកថ្មើជើង ដើរឆ្លងផ្លូវពីទិសខាងជើងទៅត្បូង បណ្តាលឲ្យស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ជនរងគ្រោះឈ្មោះ នី វាន់សាក់ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ។ ក្រោយកើតហេតុ សព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ចំណែកអ្នកបើកបររថយន្ត មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ បន្ទាប់ពីបង្កកើតហេតុ បានបើករថយន្ត រត់គេចខ្លួនបាត់ស្រមោល ។

លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរជើងគោកខេត្តបន្ទាយមានជ័យ បាន ឲ្យដឹងថា ៖ នៅវេលាម៉ោង០៥ល្ងាចថ្ងៃទី១៦ខែមករា ឆ្នាំ២០២១ ក្នុងទីប្រជុំជនលើកំណាត់ផ្លូវខេត្ត(៧មករា) ត្រង់ចំណុចប៉ុស្តិ៍យាមប្រជាការពារភ្នំបាក់ ស្ថិតភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្ត ប.ជ មានករណី គ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងម៉ូតូហុងដាសេ125 ពាក់ផ្លាកលេខ1D-2517 បន្ទាយមានជ័យបើកបរក្នុងទិស ដៅពី លិចទៅកើតល្បឿនលឿនផ្លូវកោង បុកប៉ះរថយន្តធុនធំស៊ឺមឺរ៉ឺម៉ក ពាក់ផ្លាកលេខមុខ ព្រះសីហនុ.3A-7498 និងផ្លាកលេខក្រោយ ប.មានជ័យ 4A-0016 ក្នុងទិសដៅពីកើតមកលិច(ផ្ទុយគ្នា) បណ្តាលស្លាប់០១នាក់ ភេទ ប្រុស (មិនទាន់ស្គាល់អត្តសញ្ញាណ) ជាអ្នកបើកបរម៉ូតូម៉ាកហុងដាធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1D.2517 និងអ្នករួមដំណើរភេទប្រុស មិនទាន់អត្តសញ្ញាណផងដែរ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ចំពោះអ្នកបើកបររថយន្ត និងព្រូឡាន ត្រូវបាននគរបាលឃាត់ខ្លួន យកមកសួរនាំនៅការិយាល័យ នគរបាល ចរាចរណ៍ ។

មូលហេតុបង្កឲ្យគ្រោះថ្នាក់នេះ គឺបណ្តាលមកពីអ្នកបើកបរម៉ូតូមានល្បឿនលឿន ជាចំណុចផ្លូវកោង មិនប្រកាន់ស្តាំ ៕

មតិយោបល់