ព័ត៌មានជាតិ

ក្រុមចោរធ្វើសកម្មភាពលួចម៉ូតូ ត្រូវសមត្ថកិច្ចដាក់កម្លាំងអន្តរាគមន៍ដេញតាម ផ្តួលម៉ូតូរត់ចូលព្រៃបាត់

មណ្ឌលគិរីៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ០៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស .២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យទី១៧ ខែមករា ឆ្នាំ២០២១ នាវេលាម៉ោង៥និង៤០នាទី នៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី មានករណីអំពើចោរកម្មមួយបានកើតឡើង ដោយក្រុមចោរបានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿង ម៉ាកHonda dream ឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FM 1185 ។

ក្រោយពីបានទទួលបណ្តឹងពីម្ចាស់ម៉ូតូឈ្មោះ អ៊ន ស្រីល័ក្ខ ភេទស្រី ក្នុងករណីចោរកម្មភា្លមកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកកោះញែក បានដាក់កម្លាំងចេញធ្វើអន្តរាគមន៍ ដោយដេញតាមពីក្រោយដោយបានសហការ ជាមួយកម្លាំងអធិការនគរបាលក្រុងសែនមនោរម្យ និងកម្លាំងនគរបាលស្រុកពេជ្រាដា ព្រមទាំងកម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត បានស្ទាក់ចាំនៅផ្លូវខាងមុខធ្វើអោយជនសង្ស័យ ដែលជាចោរកម្មបានផ្តួលម៉ូតូចោលរួចរត់ចូលព្រៃបាត់។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

សូមបញ្ជក់ថា ជនសង្ស័យដែលប្រព្រឹត្តនៅអំពើចោរកម្មខាងលើ កម្លាំងសមត្ថកិច្ចបានកំណត់អត្តសញ្ញាណរួចហើយ ៕

មតិយោបល់