ព័ត៌មានជាតិ

អ្នកលក់ប្រហិតស្រវឹងស្រា បើកម៉ូតូសណ្តោងទូរកញ្ចក់លឿន បុកគូទរថយន្តព្រូសក្រឡាប់រទេះផ្ងារជើងច្រង៉ាង

ភ្នំពេញ: កាលពីវេលាម៉ោង ១២និង៣៧នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយ អ្នកលក់ប្រហិតស្រវឹងស្រា បើម៉ូតូសណ្ដោងទូរកញ្ចក់លឿន បំពានភ្លើងស្ដុបទៅបុក រថយន្តព្រូសបណ្ដាលឲ្យវិលត្រឡប់ក្រោយ និងម៉ូតូសណ្ដោងខ្លួនក្រឡាប់ផ្ងារជើង ហេតុការណ៍នេះ កើតឡើងត្រង់ចំណុចស្តុបគីរីរម្យផ្លូវព្រះសីហនុកែងនិងផ្លូវ១៤៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគឺគាត់ឃើញរថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-5531 បើកបរដោយនារីរូបស្រស់ម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៤៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនល្មមឆ្លងផ្លូវ ខណ:នោះក៏មានម៉ូតូសណ្តោងទូរកញ្ចក់លក់ប្រហិតមួយគ្រឿង បើកដោយអ្នកលក់ម្នាក់ក្នុងល្បឿនលឿន ទាំងស្ថានភាពស្រវឹងជោគជាំ ទិសដៅពីកើតទៅលិចតាមបណ្តោយមហាវិថីព្រះសីហនុ បំពានភ្លើងស្តុបទៅបុកគូទរថយន្តតូយ៉ូតាព្រូសពេញទំហឹង បណ្តាលឲ្យរថយន្តតូយ៉ូតាព្រូសវិលក្បាលត្រលប់ក្រោយទៅបុកនិងឃឿនផ្លូវផ្ទុះពោងសុវត្ថិភាពទាំងសង្ខាង និងធ្លាក់កាងខូចខាតយ៉ាងដំណំ។ ចំណែករទេះប្រហិតបង្កវិញក្រឡាប់ផ្ងារជើងច្រង៉ាងទ្រមេឃបែកទូរកញ្ចក់ខ្ចាយប្រហិតពេញផ្លូវ អ្នកបើកបររងរបួសស្រាល។
បន្ទាប់ពីបង្កហេតុអ្នកលក់ប្រហិត បានត្រឹមអង្គុយសំពះសុំទោសម្ចាស់រថយន្ត សុំការលើកលែង ដោយក្តីអាណិតអាសូរម្ចាស់រថយន្ត មិនចង់វែងឆ្ងាយក៏និយាយណែនាំតិចតួច និងយករថយន្តទៅជួសជុលដោយខ្លួនឯង បញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕

មតិយោបល់