ព័ត៌មានជាតិ

បុរស ២នាក់ ជិះម៉ូតូលឿនចេញពីលេងផ្ទះបងប្អូន គេចរថយន្តបត់ឆ្លងផ្លូវមិនផុតបុកពីក្រោយ ដួលខ្ទាតចូលទៅក្រោមរថយន្ត ១គ្រឿងទៀត កិនអូសជាច្រើនម៉ែត្រស្លាប់ម្នាក់

ភ្នំពេញៈ នៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ មុខការ៉ាស៊ាំងPTP ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ម៉ុន គួង អាយុ ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ជិតស្ពានព្រែកព្នៅ មានស្រុកកំណើតនៅភូមិបន្ទាយចាស់ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ និងម្នាក់ទៀតមិនស្គាល់ឈ្មោះរងរបួសស្រាល។ អ្នកទាំងពីរបើកបរម៉ូតូម៉ាក ហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1AD-1829។
រថយន្តម៉ាក HILUXVIGO មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AA-2121។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ខណៈទើបនឹងចេញពីលេងផ្ទះបងប្អូននៅម្ដុំចំការព្រីង ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ បានជំពើបគ្នាជាមួយរថយន្ត ១គ្រឿងមិនចាំម៉ាកបត់ឆ្លងផ្លូវពីមុខ ភ្លាមៗគេចមិនទាន់ក៏ជ្រុលបុកពីក្រោយរថយន្តនោះ បណ្ដាលឲ្យដួលខ្ទាតទៅចំហៀងផ្លូវម្ខាងទៀត ចូលក្រោមកង់រថយន្តម៉ាកខាងលើ ដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា កិនអូសជាច្រើនម៉ែត្រស្លាប់ជនរងគ្រោះ យ៉ាងអាណោចអាធ័ម។

បន្ទាប់ពីកើតហេតុតៃកុងរថយន្ដ បានគេចចេញពីកន្លែងកើតហេតុ បន្សល់ទុកតែតំណាងនៅដោះស្រាយជំនួស ចំណែកសពត្រូវបានសាច់ញាតិដឹកយកទៅតម្កល់ធ្វើបុណ្យនៅខេត្តព្រៃវែង ដែលជាស្រុកកំណើតខាងប្រពន្ធតាមប្រពៃណី រីឯរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកបណ្តោះអាសន្ន នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយបន្តទៀត៕

មតិយោបល់