ភ្នំពេញៈ មកទល់ពេលនេះមិនទាន់មានការបញ្ជាក់ថាតារាចម្រៀងជើងចាស់លោកសុះ ម៉ាត់ ត្រូវជាឪពុករបស់លោកសុះ ម៉ាច ដែលត្រូវគេសម្លាប់រកឃើញពីតម្រុយសាកសពនោះទេ ទើបធ្វើឲ្យកូនចៅជំនាន់ក្រោយរបស់លោកនៅតែគ្មានតម្រុយរឿងរកឆ្អឹងរបស់លោកសុះម៉ាត់ឃើញដើម្បីយកមកធ្វើបុណ្យ។ អ៊ីចឹងទើបជារឿងសោកស្ដាយ ដែលតារាចម្រៀងល្បីម្នាក់ ប៉ុន្តែក្រោយពេលចែកឋានគឺសូម្បីតែធាតុក៏គ្មានឲ្យកូនចៅយកមកតម្កល់ និងដើម្បីឲ្យអ្នកជំនាន់ក្រោយបានគោរពបូជាដែរ។
លោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ និងជាស្ថាបនិកក្នុងGroup «គ្រួសារតារាកម្ពុជា»បានបង្ហោះថា«នៅពេលសម្លឹងមើលរូបថតលោកឪពុកក្តុកក្តួលក្នុងចិត្ត ដ្បិតអស់សង្ឃឹមក្នុងការស្វែងរកឆ្អឹងរបស់លោកដែលត្រូវពួកប៉ុលពតចាប់ចងយកទៅសម្លាប់ក្នុងអំឡុងខែវិច្ឆិកា1977 ។ មិនដឹងថានៅកន្លែងណា និងចង់យកឆ្អឹងរបស់គាត់មកធ្វើបុណ្យតាមប្រពៃណី។ ឪពុកខ្ញុំស្មោះត្រង់លះបង់គ្រប់បែបយ៉ាងដើម្បីជាតិ ដោយបានដណ្តើម និងការពារបូរណភាពទឹកដីពីចោរយៀកកុងឈ្លានពាន។ ទីបំផុតត្រូវពួកអាវខ្មៅប៉ុលពតរបបខ្មែរក្រហម ដែលមានចិននៅពីក្រោយខ្នងសម្លាប់ដោយអយុត្តិធម៌ ព្រោះតែស្មោះត្រង់នឹងខ្មែរ។
ខ្មែរក្បត់ខ្មែរដោយសារមហិច្ឆិតារបស់ប្រទេសជិតខាងចង់លេបត្របាក់ដីខ្មែរ ធ្វើឲ្យខ្មែរឈ្លោះគ្នាទុកគ្នាជាសត្រូវកាប់សម្លាប់ជាតិសាសន៍ខ្លួនឯង អស់រាប់លាននាក់ប្រទេសជាតិរលាយខ្ទេចខ្ទីរ នេះហើយលទ្ធផលនៃខ្មែរបែកបាក់។ ខ្មែរត្រូវភ្ញាក់ខ្លួនឡើងហើយតោងគិតថា តើនរណាខ្លះមានបំណងអាក្រក់មកលើខ្មែរ? ហើយត្រូវបែងចែកឲ្យច្បាស់ រវាងមិត្តនិងសត្រូវប្រវត្តិសាស្រ្តដែលនៅតែចិញ្ចឹមចិត្ត និងពុតត្បុតដ៏អាក្រក់របស់ពួកគេមកលើយើង។ តើខ្មែរជ្រើសរើសយកការរួបរួមសាមគ្គីដើម្បីការពារជាតិ និងទឹកដីឲ្យរុងរឿង រឺជ្រើសរើសយកការបែកបាក់ឲ្យជីវិតខ្មែរស្លាប់និរាសព្រាត់ប្រាសប្រទេសជាតិរលាយទៀត? សូមខ្មែរគ្រប់បក្សគ្រប់ស្រទាប់វណ្ណៈខ្មែរក្នុង និងក្រៅប្រទេសមេត្តាមានឆន្ទៈឧត្តមគតិ និងមនសិការស្មោះត្រង់តម្កល់រឿងជាតិឲ្យខ្ពស់ជាធំ រួបរួមដោះស្រាយរឿងជាតិទឹកដី បញ្ឈប់ទឹកភ្នែក និងឈាមខ្មែរឲ្យឈប់ហូរតទៅទៀតទៅ អាណិតប្រជាពលរដ្ឋនិងប្រទេសជាតិផង!»។
ជាមួយនឹងការប្រកាសថាមិនមានតម្រុយក្នុងការរកឃើញឆ្អឹងរបស់លោកសុះ ម៉ាត់ ជាឪពុកដែលបានទទួលមរណភាពដោយសារតែលទ្ធផលនៃការបែកបាក់របស់ខ្មែរ លោកសុះ ម៉ាចក៏បានបញ្ជាក់ថាលោកបាននិពន្ធ ចម្រៀងមួយបទដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់ឪពុកលោក និងមានអត្ថន័យជ្រាលជ្រៅចំពោះប្រទេសកម្ពុជាផងដែរ។ លោកថាបទនោះនឹងត្រៀមថតផ្សាយឆាប់ៗ ដោយលោកនឹងធ្វើការប្រមែប្រមូលថវិការ៉ៃអង្គាសឲ្យគ្រប់ចំនួនសិន ដើម្បីឲ្យបទនិពន្ធថ្មីនោះមានគុណភាពល្អ។ នេះជាសារមួយដ៏កម្ររបស់លោកសុះ ម៉ាច ពាក់ព័ន្ធនឹងឪពុក ហើយក៏ជារំលឹកឲ្យឃើញនូវការលះបង់របស់លោកឪពុកលោក ប៉ុន្តែទីបំផុតបែរជាត្រូវគេស្លាប់ដោយសូម្បីតែធាតុក៏មិនទុកឲ្យកូនចៅរកឃើញ និងបានគោរពនោះដែរ៕
មតិយោបល់