កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃ អាទិត្យ ០៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៩ និង ៣០នាទី មានករណីធ្វើអោយខូចខាត ដោយចេតនា (កាប់បំផ្លាញទុយោទឹក) នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ភុំ ចំរើន ភេទប្រុស អាយុ៥៨ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅភូមិកំពង់ស្វាយល់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ។ ជនសង្ស័យឈ្មោះ ចំរើន ធុយ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅ ភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ (ឃាត់ខ្លួន) មានសារធាតុញៀនក្នុងទឹកនោម។
វត្ថុតាងចាប់យក ៖ កាំបិតប៉័ងតោ ចំនួន ០១។
សម្ភារៈខូចខាត ៖ – ទុយោជ័របង្ហូទឹក ០១ និងក្បាលរ៉ូមីនេជ័រ ០១។
កន្លងមកជនសង្ស័យខាងលើ តែងរករឿងជេរប្រមាថឪពុក (ជនរងគ្រោះ) និងក្រុមគ្រួសារជាញឹកញាប់មកហើយ និងជាជនប្រើប្រាស់គ្រឿងញៀន ។ លុះនៅពេលកើតហេតុ គឺថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៩និង ៣០នាទី ជនសង្ស័យ បានខឹងម្ដាយដែលស្ដីថាដាក់ខ្លួន ហើយដោយជនសង្ស័យជាជនញៀនថ្នាំផងនោះ ក៏កើតចិត្តខឹងហើយក៏បានទៅយកកាំបិតប៉័ងតោ ពីក្នុងរោងក្រោយផ្ទះខ្លួន មកកាប់បំផ្លាញទុយោបង្ហូរទឹកអស់០១ និងក្បាលរ៉ូមីនេជ័រ០១ ក្នុងបន្ទប់ទឹកផ្ទះជនរងគ្រោះតែម្ដង ។
ក្រោយមកជនរងគ្រោះ ក៏បានទៅសួរនាំស្ដីអោយជនសង្ស័យជាកូនរឿងកាប់ទុយោទឹក ពេលនោះជនសង្ស័យពុំស្ដាប់ថែមទាំងបានឡូឡាជេរដៀលត្មិះទៅលើជនរងគ្រោះថែមទៀត ។ ឃើញដូចនោះ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលព្រែកថ្មីតែម្ដង ។ ភ្លាមៗនោះសមត្ថកិច្ចនគរបាល បានចុះទៅដល់អន្តរាគមន៍ និងធ្វើការឃាត់ខ្លួនជនសង្ស័យបានបញ្ជូន ទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតប៉័ងតោ កាប់បំផ្លាញទុយោជ័របង្ហូទឹក និងក្បាលរ៉ូមីនេជ័រ ក្នុងបន្ទប់ទឹកផ្ទះជនរងគ្រោះ ប្រាកដមែន៕
មតិយោបល់