ព័ត៌មានជាតិ

វ៉ាវ! ទើបចេញពីពន្ធនាគារត្រូវសមត្ថកិច្ចចាប់ខ្លួនម្តងទៀតករណីបំផ្លាញទ្រព្យសម្បត្តិបងបង្កើត

បន្ទាយមានជ័យ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យម្នាក់ធ្លាប់ជាប់ពន្ធនាគាររយ:ពេលជិត០១ឆ្នាំពីបទបង្កឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃហើយទើបរួចទោសចេញបានជិត០១សប្តាហ៍បានបង្កឲ្យខូចខាតម៉ូតូផ្ទះនិងរថយន្តបងបង្កើតរួចរត់គេចខ្លួនត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រុកស្រាវជ្រាវចាប់ឃាត់ខ្លួនបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ឯកយ៉តសុផលអធិការនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថាជនបង្កឈ្មោះរីករួនភេទប្រុសអាយុ២៨ឆ្នាំរស់នៅភូមិគោកចាស់ឃុំណាំតៅស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យជននេះធ្លាប់បានជាប់គុករយ:ពេលជិត០១ឆ្នាំពីបទបង្កឲ្យខូចខាតព្រព្យសម្បត្តិអ្នកដទៃ(ផឹកស្រាស្រវឹងដុតម៉ូតូបងប្អូនជីដូនមួយ)។នៅវេលាម៉ោង០៩និង៣០នាទីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ជននេះបានផឹកស្រាស្រវឹងហើយបានមករកបងប្អូនដោយសួររកអ្នកដែលបានប្តឹងខ្លួនឲ្យនគរបាលចាប់ខ្លួនដាក់គុក។
បន្ទាប់មកជននេះបានធ្វើសកម្មភាពយកដំបងឈើវាយបំផ្លាញម៉ូតូវាយឡានវាយកញ្ចក់ទ្វារផ្ទះកញ្ចក់បង្អូចផ្ទះរបស់ឈ្មោះរីកសំរឿងភេទប្រុសអាយុ៣៥ឆ្នាំត្រូវជាបងបង្កើតនៅភូមិគោកចាស់ឃុំណាំតៅស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យបណ្តាលបែកបាក់ខូចខាតអស់រួចហើយរត់គេចខ្លួន។
លោកអធិការនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា៖ក្រោយពីទទួលបានព័ត៌មានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុកនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំណាំតៅបានចុះស្រាវជ្រាវឈានដល់ចាប់ឃាត់ខ្លួនជនបង្កឈ្មោះរីករួនដែលរត់ទៅសំងំលាក់ខ្លួននៅផ្ទះម្តាយបង្កើតរបស់គេ។
បច្ចុប្បន្នជនសង្ស័យឈ្មោះរីករួនត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

មតិយោបល់