ព័ត៌មានជាតិ

ជាងធ្វើពិដានម្នាក់ ត្រូវកងកម្លាំងរាជអាវុធហត្ថខេត្តតាកែវ បង្រ្កាបពាក់ព័ន្ធករណីលួចរថយន្ត

តាកែវ: នៅវេលាម៉ោង០៨និង៣០នាទីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ មានករណីកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងអាវុធហត្ថស្រុកសំរោងចំនួន១៥នាក់ មានរថយន្ត៣គ្រឿង ដែលដឹកនាំដោយ លោកវរ:សេនីឯក ង៉ែតចាន់នី មេបញ្ជាការរងទទួលផែនការ , ដោយមានការសម្របសម្រួលពីលោក ជីវ ចាន់តារា ព្រះរាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះបង្រ្កាបករណីចោរលួចរថយន្ត នៅចំណុចលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ លេខ៦៨-៦៩ ស្ថិតក្នុងភូមិរូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ។

ករណីខាងលើនេះ កម្លាំងអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ា សម្បត្តិ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងធ្វើពិដាន រស់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកបានរួមមាន៖ រថយន្ត១គ្រឿងម៉ាក តូយ៉ូតា ហ៊ីលុច្ស រីវូ ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ 2BB.7471 ដែលជារបស់ជនរងគ្រោះឈ្មោះ យឹម សុវណ្ណាន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

រថយន្តនេះត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចយកទៅបាត់ កាលពីវេលាម៉ោង១៧និង០៧នាទីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងរបស់ការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តន៍បន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់