ព័ត៌មានជាតិ

ម្ចាស់Laptop ១៥គ្រឿង ខកព្រះទ័យសិស្សស្វាយរៀងអត់បាននិទ្ទេសA

ភ្នំពេញៈ មុនប្រលងបាក់ឌុបថ្ងៃទី២២ និង២៣ សីហា ព្រះគ្រូ នី សុវណ្ណមុនីរ៉េត គង់នៅវត្តមាននាគវន្ដកុដិលេខ២៤ បានប្រកាសថាព្រះអង្គនឹងផ្ដល់ Laptop ចំនួន១៥គ្រឿង ដល់សិស្សប្រលងបាក់ឌុប នៅខេត្តស្វាយរៀង ដែលទទួលបានពិន្ទុខ្ពស់ជាង គេប្រចាំខេត្ត។

ការប្រកាសគឺព្រះអង្គចង់ជំរុញឲ្យសិស្ស នៅក្នុងខេត្តនេះ ប្រឹងប្រែងប្រលងឲ្យ ទទួលបានលទ្ធផលល្អ ។ អ៊ីចឹងហើយទើបព្រះអង្គ បានសម្ដែងអារម្មណ៍ខកព្រះទ័យ បន្ទាប់ពីមានការប្រកាសឆ្នាំនេះ សិស្សជាប់និទ្ទេសA មានរហូតដល់ជាង៤០០នាក់ នៅទូទាំងប្រទេស ប៉ុន្តែមិនមានសិស្សមកពី ខេត្តស្វាយរៀងសូម្បីម្នាក់ ។ នៅលើគណនីផ្ទាល់ខ្លួន របស់ព្រះអង្គ ព្រះអង្គបានសរសេរថា «អាត្មាភាពពិតជាមានការ សោកស្ដាយចំពោះសិស្សានុសិស្ស ខេត្តស្វាយរៀង ដែលមិនអាចដណ្ដើម បាននិទ្ទេសA ពីការប្រលងបាក់ឌុប ឆ្នាំ២០១៦នេះ»។ ព្រះអង្គបន្តថាបើទោះជាសិស្ស ដែលព្រះអង្គប្រកាសផ្ដល់ Laptop មិនអាចទទួលបាននិទ្ទេសល្អ តាមការចង់បាន ក៏ព្រះអង្គនៅតែរក្សា ជំហរផ្ដល់រង្វាន់ចំនួន១៥គ្រឿង ដល់អ្នកប្រលងជាប់ នៅខេត្តស្វាយរៀង ដែលមានពិន្ទុខ្ពស់១៥នាក់ តាមការប្រកាសនោះដែរ។ ព្រះអង្គ នី សុវណ្ណមុនីរ៉េត បន្តក្នុងសំណេរថា «បើទោះបីលទ្ធផលយ៉ាងណា អាត្មាភាពនៅតែធ្វើតាមការ សន្យាកន្លងមក។ រង្វាន់កុំព្យូទ័រ Laptop ថ្មី១៥ គ្រឿង សម្រាប់សិស្សជាប់បាក់ឌុបពិន្ទុច្រើនជាងគេ របស់ខេត្តស្វាយរៀង គឺនៅតែមាន»។

ការប្រកាសរបស់ព្រះអង្គ ត្រូវគេកត់សម្គាល់ថា ជាការខកព្រះទ័យធំមួយ បន្ទាប់ពីព្រះអង្គមានការរំពឹង យ៉ាងខ្លាំងថាខេត្តដែលព្រះអង្គធ្លាប់បានធំធាត់ និងពឹងអាស្រ័យមុនពេលក្លាយជាភិក្ខុសង្ឃ នឹងនាំមុខមាត់ជូនខេត្តតាមរយៈការទទួលបាននិទ្ទេសA ប៉ុន្តែចុងក្រោយបែរជាមិនមាន។ ជាពិសេសនៅក្នុងកាលៈទេសៈដែលសិស្សប្រលងជាប់និទ្ទេសA រហូតដល់៤០៥នាក់ ដែលជាចំនួនច្រើនមិនធ្លាប់មានចាប់តាំងពីការប្រលងបាក់ឌុប ត្រូវបានកែទម្រង់៣ឆ្នាំចុងក្រោយ។ ព្រះអង្គបន្តសង្ឃដីកាថា ការសម្រេចផ្ដល់រង្វាន់កុំព្យូទ័រចំនួន១៥គ្រឿង ដូចបានរៀបរាប់ខាងលើ ព្រះអង្គមានបំណងតែមួយគត់ គឺចង់ឲ្យអ្នកមានដើមកំណើត មកពីខេត្តស្វាយរៀង ជាមួយព្រះអង្គ មានទឹកចិត្តប្រឹងប្រែងរៀនសូត្រ និងបានចូលរួមអភិវឌ្ឍន៍ ក្រុមគ្រួសារក៏ដូចជាប្រទេសជាតិ ឲ្យមានការរីកចម្រើន។ ព្រះអង្គប្រកាសថានឹងចុះទៅទាក់ទង ដោយផ្ទាល់ជាមួយប្រធានមន្ទីរអប់រំ ខេត្តស្វាយរៀង ក្នុងគម្រោងផ្ដល់រង្វាន់ Laptop ទាំង១៥គ្រឿងនេះ ដល់សិស្សដែលត្រូវបានទទួល។

គួរបញ្ជាក់ផងដែរថា សិស្សនិទ្ទេសA ទាំង៤០៥នាក់រួមមាន ភ្នំពេញ១៨៣ សៀមរាប៣៦នាក់ បាត់ដំបង៣៤នាក់ កណ្ដាល២៩នាក់ កំពង់ចាម២០នាក់ បន្ទាយមានជ័យ១៦នាក់ ព្រៃវែង១៤នាក់ កំពត១១នាក់ ត្បូងឃ្មុំ១១នាក់ តាកែវ១១នាក់ កំពង់ធំ១០នាក់ ក្រចេះ៩នាក់ កំពង់ឆ្នាំង៧នាក់ ព្រះសីហនុ៧នាក់ កំពង់ស្ពឺ២នាក់ ពោធិសាត់២នាក់ មណ្ឌលគីរី១នាក់ ប៉ៃលីន១នាក់ និងឧត្តមានជ័យ១នាក់ ៕

sgdaldgndfigshdgdlfgdfdfjknhksjdgdihvdakhkfadjfgdhfgdfkjsfgsaldgladgsadfhdsfhkssdklfjadsf

មតិយោបល់