ភ្នំពេញៈ យុវជនពីរនាក់ជិះម៉ូតូទៅរៀន ហើយបានបើកវ៉ារថយន្ត ដឹកសំរាមក្រុមហ៊ុនស៊ីនទ្រីមិនផុតទៅប៉ះជាមួយរថយន្តឡិចស៊ីស ដែលចតចោលបណ្ដាលឲ្យដួលខ្ទាតអ្នកអង្គុយពីក្រោយចូលរថយន្តស៊ិនទ្រី កិនបែកក្បាលស្លាប់ភ្លាមៗ ចំណែកអ្នកបើកម៉ូតូលោតចេញទាន់គ្រាន់តែរងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៤០នាទី រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្បែរអាគារទី៩ បុរីកីឡា តាមបណ្ដាយផ្លូវ២១១ កែងផ្លូវ១៥៦ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
យុវជនដែលស្លាប់មានឈ្មោះ សុគន្ឋ សុធារិទ្ធ អាយុ១៦ឆ្នាំ រៀននៅវិទ្យាល័យបាក់ទូក ជាសិស្សថ្នាក់ទី១០F ស្នាក់នៅម្ដុំផ្សារដេប៉ូ ជាអ្នកជិះពីក្រោយ និងម្នាក់ទៀតជា អ្នកបើកបរម៉ូតូ ឈ្មោះ ពេជ្រ ប៊ុនឃាង ភេទប្រុស អាយុ១៨ឆ្នាំ រៀនជាមួយគ្នារងរបួសស្រាល។ ចំណែកអ្នកបើករថយន្តបង្កមានឈ្មោះ តាន វណ្ណ ភេទប្រុសអាយុ២៧ឆ្នាំ ស្នាក់នៅម្ដុំស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមុខរបរជាអ្នកបើកបររថយន្តស៊ិនទ្រី។
បើតាមសម្ដីរបស់មិត្តភក្តិជនរងគ្រោះ ដែលជាអ្នកបើកម៉ូតូបានឲ្យដឹងថា មុនពេលកើតហេតុរូបគេបានទៅយកជនរងគ្រោះដើម្បីទៅរៀននៅសាលាបាក់ទូក ជិះម៉ូតូម៉ាកលែត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FK-3023 ធ្វើដំណើរតាមបណ្តោយផ្លូវ២១១ ក្នុងទិសដៅពីជើងទៅត្បូង ហើយព្យាយាមបើកវ៉ាខាងស្ដាំដៃរថយន្តស៊ីនទ្រី ដឹកសំរាម ពណ៌លឿង តែវ៉ាមិនផុតក៏ជ្រុលទៅបុកគូទរថយន្តឡិចស៊ីស RX300ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2Al-6334 ដែលចតទុកចោលនៅកែងសាលាញូហ្គែតវេ អន្តរជាតិ ផ្លូវ២១១ហើយបានបុកដួលខ្ទាតអ្នកជិះក្រោយចូលក្នុងកង់រថយន្តកិនបែកក្បាលស្លាប់ភ្លាមៗហើយអ្នកបើកសំណាងល្អលោតចេញទាន់រងរបួសស្រាល។ ចំណែកអ្នកបើករថយន្តត្រូវបានសមត្ថកិច្ចនាំខ្លួនទៅប៉ុស្តិ៍នគរបាលវាលវង់ ព្រោះខ្លាចប្រជាពលរដ្ឋវាយស្លាប់និងដើម្បីសាកសួរពីដំណើររឿង។
បច្ចុប្បន្នរថយន្តរួមទាំងម៉ូតូហើយអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សានៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។ចំណែកសាកសពត្រូវបានក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់