ព័ត៌មានជាតិ

មន្ត្រីប៉ូលិស ជាប់កិច្ចសន្យា ៣០០នាក់ ត្រៀមសម្រួលចរាចរកកស្ទះ ក្នុងរាជធានី

ភ្នំពេញ៖ មន្ត្រីប៉ូលិសជាប់កិច្ចសន្យា ចំនួន៣០០នាក់ នឹងពង្រាយ ដើម្បីដោះស្រាយ ការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ស្របពេលដែលរាជធានីភ្នំពេញ ប្រឈមនឹងការកកស្ទះចរាចរណ៍ រហូតទៅដល់១០០ទីតាំង។

នេះជាការលើកឡើងរបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែសីហា ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ពានថ្មបេតុង ឆ្លងកាត់ស្ទឹងព្រែកត្នោត ត្រង់ចំណុចវត្តសាក់សំពៅ ស្ថិតក្នុងខណ្ឌដង្កោ ។

លោកប៉ា សុជាតិវង្ស បានបញ្ជាក់ថា មន្ត្រីនគរបាលចរាចរណ៍ កិច្ចសន្យាទាំងនេះ ត្រូវបានជ្រើសរើសចូលបម្រើការងារ ផ្នែកចរាចរណ៍ ខណៈបច្ចុប្បន្នក្នុងរាជធានីភ្នំពេញ កំពុងប្រឈមនឹងបញ្ហាកកស្ទះចរាចរណ៍។ លោកបន្តថា មន្ត្រីកិច្ចសន្យាទាំង៣០០នាក់នោះ នឹងដាក់ឲ្យអនុវត្តការងារ នាពេលដ៏ខ្លីខាងមុខនេះ ស្របពេលដែលអាជ្ញាធរ ពាក់ព័ន្ធបាននឹងកំពុងខិតខំដោះស្រាយបញ្ហា កកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ក្នុងចំណោមបញ្ហា ដែលត្រូវដោះស្រាយផ្សេងៗទៀត។

លោកបន្តទៀតថា ការដ្ឋានសាងសង់ស្ពានថ្មបេតុង ឆ្លងកាត់ស្ទឹងព្រែកត្នោត ត្រង់ចំណុចវត្ត សាក់សំពៅ ស្ថិតក្នុងខណ្ឌដង្កោ គឺជាស្ពានដែលតភ្ជាប់ រវាងភូមិសាស្ត្រ ក្នុងសង្កាត់សាក់សំពៅ និងសង្កាត់គងណយ ដើម្បីសម្រួលដល់ការចរាចរ ឆ្លងកាត់របស់ប្រជាកសិករនៅតំបន់នេះ ក៏ដូចជាសម្រួលដល់ការ ដឹកជញ្ជូនមួយផ្នែកទៀតផងដែរ។

លោកអភិបាលរាជធានី បានជំរុញឲ្យការដ្ឋានសំណង់នេះ ប្រកបដោយគុណភាព ស្របតាមស្តង់ ដារបច្ចេកទេស ដើម្បីធានានូវសុវត្ថិភាព ដល់អ្នកឆ្លងកាត់ ក៏ដូចជាដឹកជញ្ជូនផ្សេងៗ ដោយសារតំបន់ នោះ គឺជាច្រកចរាចរ ទំនិញរបស់ប្រជាពលរដ្ឋ ចេញចូលរាជធានីភ្នំពេញ ក៏ដូចជាការដឹកជញ្ជូនធនធ្ងន់ ដែលបម្រើដល់សេដ្ឋកិច្ច។ លោក ប៉ា សុជាតិវង្ស សំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមសហការ និងបង្ក លក្ខណៈងាយស្រួល គ្រប់បែបយ៉ាងដល់ក្រុមការងារ ដើម្បីឲ្យគម្រោងសាងសង់ សម្រេចបានតាមផែន ការរំពឹងទុក។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ពាន ដែលត្រូវបានសាងសង់ថ្មីនេះ មានបណ្តោយប្រវែង១១០ម៉ែត្រ និងទទឹង៩ម៉ែត្រ ជំនួសស្ពានចាស់ ដែលមានសភាពទ្រុឌទ្រោម មិនអាចអនុញ្ញាត ឲ្យមានការឆ្លងកាត់ ដោយដឹកធ្ងន់បាន។ លោកថា គម្រោងសាងសង់នេះ នឹងត្រូវប្រើប្រាស់ ពេលវេលារយៈពេល៦ខែ ដែលនឹងត្រូវបញ្ចប់ ទាំងស្រុងនៅចុងឆ្នាំនេះ៕

photo_2016-08-05_16-07-29 photo_2016-08-05_16-07-34

មតិយោបល់