ព័ត៌មានជាតិ

Update៖ នៅខ្វះ១០ថ្ងៃទៀតនាងចូលរោងការ នារីស្រស់ស្អាតម្នាក់ ជិះម៉ូតូមកជួបគូដណ្តឹង ត្រូវរថយន្តបុកស្លាប់

ភ្នំពេញៈ នារីស្រស់ស្អាតម្នាក់បានបាត់បង់អាយុវជីវិត និងបុរសម្នាក់ផ្សេងទៀត រងរបួសស្រាល ខណៈជិះម៉ូតូសុខៗ ត្រូវបុរសស្រវឹងស្រាម្នាក់ បើករថយន្តបុករះហើយបើករត់គេច បណ្តាលឲ្យបុក កាលពីវេលាម៉ោង៨និង០០នាទីយប់ថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខបុរីប៉េងហួតខាងកើតច្រមុះជ្រូក ស្ទឹងមានជ័យ ចម្ងាយប្រហែល៥០ម៉ែត្រ តាមបណ្ដោយផ្លូវលេខ២១៧ ក្នុងសង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ លឹម ស្រីហេង ភេទស្រី អាយុ២៨ឆ្នាំ មុខរបរលក់ដូរ រស់នៅផ្ទះលេខ២៤ ផ្លូវ១៨ ក្នុងបុរីពិភពថ្មីចម្ការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកស្កុបពី ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1II-9166 និងបុរសម្នាក់ទៀត រងរបួសស្រាល ជិះម៉ូតូម៉ាកឌ្រីមសង់ ចំណែករថយន្តបង្ក ម៉ាក អាល់ហ្វាត ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BJ-2004 បើកបរដោយឈ្មោះ គួង ស៊ីថន ភេទប្រុស អាយុ៤១ឆ្នាំ ( ឃាត់ខ្លួន ) មុខរបរបើករថយន្តតាក់ស៊ី រស់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងរថយន្ត រងគ្រោះ២គ្រឿងទៀត ទីមួយម៉ាកម៉ាស្តា និងរថយន្តកាមរីឆ្លាម ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញ រថយន្តបង្កបើកតាមបណ្ដោយផ្លូវ ២១៧ ទិសដៅពីត្បូងមកជើងយ៉ាងលឿន ខណៈមកដល់មុខវត្តសំបូរមាស បានប៉ះជាមួយនឹងរថយន្តម៉ាស្តា ហើយក៏ព្យាយាមបើករត់យ៉ាងលឿន ទៅប៉ះរថយន្តកាមរីឆ្លាម រួចបើករត់បន្តទៀត ទៅបុករះម៉ូតូ២គ្រឿង បណ្ដាលឲ្យនារីម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងបុរសម្នាក់ រងរបួសរលាត់ដៃរលាត់ជើង ។

បើតាមសម្ដីសាច់ញាតិ បានប្រាប់ឲ្យដឹងថា នៅខ្វះតែ១០ថ្ងៃទៀត នារីរងគ្រោះនឹងចូលរោងការ ហើយមុនកើតហេតុ គឺស្ត្រីរងគ្រោះចេញពីផ្ទះ ក្នុងគោលបំណង ទៅជួបគូដណ្ដឹងតែកម្មអកុសល មកជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់បែបនេះទៅវិញ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្ត និងម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសព ត្រូវក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី នៅឯគេហដ្ឋាន ក្នុងបុរីពិភពថ្មីចម្ការដូង ៕

មតិយោបល់