ព័ត៌មានជាតិ

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ

ភ្នំពេញ: យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៥:៤០នាទី ទៀបភ្លឺ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចក្នុងផ្ទះលេខ ១៣៧៦ ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ប៉ាន សុឃឿន ភេទស្រី អាយុ៤១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ ១៣៧៦ ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មេផ្ទះ។
ជនសង្ស័យឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិព្រៃទា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៧:០០នាទី ជនរងគ្រោះបានយកម៉ូតូមកចាក់សោរចតទុក នៅកន្លែងកើតហេតុ រួចចូលសម្រាកក្នុងបន្ទប់ លុះដល់វេលាម៉ោង ០៥:៣០នាទី ទៀបភ្លឺ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ជនរងគ្រោះភ្ញាក់ពីគេងមិនឃើញម៉ូតូ ក៏មកដាក់ពាក្យបណ្ដឹងនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ ឲ្យជួយស្រាវជ្រាវរក។​​

ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យចំនួន ០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿងម៉ាក ធូដេ ពណ៌ ក្រហម (បិទឡូហ្គោលរាងមូល នៅជាប់អាវម៉ូតូសងខាង) បានមកធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ។

លុះដល់ម៉ោង១០:៣០នាទី ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២១ សមត្ថកិច្ចប្រទះឃើញជនសង្ស័យឈ្មោះ ចាន់ វាសនា កំពុងជិះម៉ូតូមួយគ្រឿងម៉ាក ធូដេ (មានបិទឡូហ្គោលរាងរង្វង់មូល ទាំងសងខាងអាវម៉ូតូ ដែលមានអក្សរ F.I.G.H.T) នៅចំណុចផ្លូវ វេងស្រេង ភូមិ ដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានភិនភាពដូចម៉ូតូ ដែលជនសង្ស័យ ជិះធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ក៏ឃាត់ខ្លួនយកមកធ្វើការសាកសួរ នៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣។

ក្រោយពីសាកសួរជនសង្ស័យ បានសារភាពថារូបគេ និងបក្ខពួកម្នាក់ទៀត មិនស្គាល់ឈ្មោះ ពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូ របស់ជនរងគ្រោះពិតប្រាកដមែន។

វត្ថុតាងដកហូត៖ ម៉ូតូ ០១គ្រឿង ម៉ាក ធូដេ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ១DG-១២៦០ (មានបិទឡូហ្គោលរាងរង្វង់មូល ទាំងសងខាងអាវម៉ូតូ ដែលមានអក្សរ F.I.G.H.T)។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់