កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ១១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៣និង៣០នាទី មានករណីលង់ទឹកបណ្តាលឱ្យស្លាប់ នៅចំណុចទន្លេបាសាក់ ស្ថិតនៅក្នុងភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
សពជនរងគ្រោះឈ្មោះ ហាប់ ប៊ី ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ថ្នាក់ទី៣រៀន នៅសាលាបឋមសិក្សាក្បាលកោះតូច មានទីលំនៅភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។ ឪពុកឈ្មោះ យុន ហាប់ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរមុខរបរ លក់ដូរ នៅភ្នំពេញ ។ ម្តាយឈ្មោះ ជ្រាវ ម៉ុម ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិក្បាលកោះតូច ឃុំតាលន់ស្អាង ខេត្តកណ្តាល ។
នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានទៅរត់បង្ហោះខ្លែងលេង នៅមាត់ច្រាំងទន្លេជាមួយក្មេងៗ នៅផ្ទះជិតគ្នាមានចំនួន៤នាក់ ជាធម្មតាដូចរាល់ថ្ងៃ នៅពេលរត់តាមមាត់ច្រាំងទន្លេ ដោយមានបាវខ្សាច់ច្រក ទប់ការពារច្រាំងទន្លេកុំឱ្យបាក់ ពេលនោះជនរងគ្រោះ ក៏រអិលជើងធ្លាក់ចូលទៅក្នុងទឹកទន្លេតែម្តង ពេលនោះក្មេងៗ០៣នាក់ទៀត ដែលរត់លេងជាមួយគ្នានោះ ក៏រត់ទៅផ្ទះប្រាប់ជីតាជនរងគ្រោះថា អាប៊ីវារអិលជើងធ្លាក់ក្នុងទឹកទន្លេហើយ ពេលនោះជីតានិងញាតិជិតខាង ក៏ទៅរកខ្មែរឥស្លាមឱ្យជួយមុជទឹករក។ លុះដល់វេលាម៉ោង១៧និង១០នាទី ថ្ងៃដដែលក៏បានរកឃើញជនរងគ្រោះ នៅក្នុងទឹកទន្លេរួចក៏ស្រង់ឡើងពីក្នុងទឹកមក។
ទទួលបានព៌ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ និងកម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតស្រុកស្អាង បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការពិនិត្យលើសពជនរងគ្រោះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ ។
ក្រុមគ្រួសារជនរងគ្រោះ បានទទួលស្គាល់ថា ជនរងគ្រោះពិតជាបានលង់ទឹកស្លាប់ពិតប្រាកដមែន ។ សាកសពកុមាររងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យបតាមប្រពៃណី៕
មតិយោបល់