ព័ត៌មានជាតិ

លួចគោបាន ៤ក្បាលដាក់រថយន្តប្រុង បើកចេញត្រូវម្ចាស់ទាន់ប្តឹងនគរបាលប៉ុស្តិ៍ ឃាត់ខ្លួនបានម្នាក់ ២នាក់រត់គេចបាត់

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបាន នគរបាលឃាត់ខ្លួន និង២នាក់ទៀត រត់គេចខ្លួនបាត់ បន្ទាប់ពី ធ្វើសកកម្មភាព លួចគោបាន៤ក្បាលដែល លែងចោលនៅទីវាល ដឹកឡើង រថយន្ត មួយគ្រឿង ហើយត្រូវបានម្ចាស់ទាន់។

ហេតុការណ៍ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ៥និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិកោះរងាង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួន ពុំត្រូវនគរបាលប្រាប់ឱ្យស្គាល់អត្តសញ្ញាណឡើយ ។ ភ្លាមៗត្រូវបាននគរបាលបញ្ជូន ទៅកាន់ស្នាក់ការប៉ុស្តិ៍ ក៏បញ្ជូនទៅកាន់ អធិការដ្ឋានខណ្ឌព្រែកព្នៅ ដើម្បីសាកសួរនិងស្រាវជ្រាវ ឃាត់បក្ខពួក បន្តទៀត ។ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ច ដកហូត គោចំនួន ៤ក្បាល ព្រមទាំង រថយន្ត ម៉ាក ហ៊ី យ៉ាន ដាយមួយគ្រឿងផងដែរ ។

តាមព័ត៌មានឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ ប្រជាពលរដ្ឋ នៅក្នុងភូមិកោះរងាង ដែលស្ថិតនៅមាត់បឹងតាមោក បានដឹកគោទៅលែងចោល នៅម្តុំនោះដើម្បីស៊ីស្មៅ ។ លុះនៅវេលាល្ងាចម្ចាស់ ក៏បានទៅរកគោស្រាប់តែ ប្រទះឃើញ គោចំនួន ៤ក្បាល ត្រូវជនមិនស្គាល់មុខ ៣នាក់ ដឹកឡើង រថយន្តនៅ ក្នុងព្រៃមាត់បឹងរួចជាស្រេច។ ភ្លាមៗប្រជាពលរដ្ឋ ក៏បានរាយការណ៍ ទៅនគរបាលចុះទៅអន្តរាគមន៍ ហើយឃាត់ខ្លួន បានជនសង្ស័យ ម្នាក់ ដែលជាតៃកុងរថយន្ត ។ ចំណែក ២នាក់ ដែលគេអះអាងថា ជាជនដៃដល់បានរត់គេចខ្លួនបាត់។

គោចំនួន ៤ក្បាលនោះ ត្រូវបាននគរបាលឲ្យដឹងថា មានម្ចាស់ចំនួន ៣នាក់ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យរួមទាំងរថយន្ត ត្រូវបាននគរបាលបញ្ជូន ទៅកាន់អធិការដ្ឋានដោយឡែក គោប្រគល់ឲ្យម្ចាស់វិញ៕

មតិយោបល់