បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្ស០២នាក់បានស្លាប់និង០១នាក់ទៀតរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍០២ករណីដោយឡែកពីគ្នា នៅយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ក្នុងនោះ០១ករណីនៅក្រុងសិរីសោភ័ណ និង០១ករណីទៀតនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក គី មករា នាយការិយាល័យ នគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា៖ នៅវេលាម៉ោង០៦និង៤៥នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ក្រៅទីប្រជុំជន នៅលើកំណាត់ផ្លូវជាតិលេខ៦ នៅទល់មុខឈៀងខាងលិចការ៉ាស់សាំងស៊ីម ឃីម ចម្ងាយ៥០ម៉ែត្រ ក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍ សង្ស័យអ្នកបើកម៉ូតូម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ1Q-5412ប.មានជ័យ ទៅបុកគោយន្តកន្ត្រៃពីក្រោយក្នុងទិសដៅស្របគ្នាពីកើតទៅលិច បណ្តាលឲ្យដួលខ្ទាតទៅលើទ្រូងថ្នល់ ហើយសង្ស័យរថយន្តតូចមិនស្គាល់ម៉ាកបុកជាន់បន្ថែម បណ្តាលឲ្យ០១នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និង០១នាក់ទៀតរងរបួសធ្ងន់ ។ជនរងគ្រោះទាំងអ្នកស្លាប់និងរបួសធ្ងន់មិនទាន់បានស្គាល់អត្តសញ្ញាណនោះឡើយ ចំពោះអ្នកបើកគោយន្តកន្ត្រៃក្រោយកើតហេតុបើកគេចខ្លួនបាត់ ។
លោកនាយការិយាល័យនគរបាលចរាចរណ៍ បានបន្តថា៖ នៅវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី២៤ ខែមករានេះដែរ នៅត្រង់ចំណុចលើខ្នងអាងពន្លៃ ស្ថិតនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៏កើតឡើងបង្កដោយខ្លួនឯង ក្រៅទីប្រជុំជន ។ អ្នកដែលស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះ ឈ្មោះ ប្រែង ភារុណ ភេទប្រុស អាយុ២៨ ឆ្នាំ រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក បើកម៉ូតូម៉ាកវេវអ៊ី សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ-ទឹកប៊ិច គ្មានស្លាកលេខ បើកក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនសង្ស័យស្រវឹង ដល់ចំណុចកើតហេតុផ្លូវកោងបានរេចង្កូតមកឆ្វេងដៃបុកបង្គោលចំណាំងផ្លាតមនុស្សបានខ្ទាតក្បាលបោកនឹងបង្គោលចំណាំងផ្លាតស្លាប់ភ្លាមៗមួយរំពេចនៅនឹងកន្លែងកើតហេតុ ។ទាំង០២ករណីនេះ ម៉ូតូខូចធ្ងន់ទាំង០២គ្រឿង មនុស្ស០២នាក់ស្លាប់ប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យាតាមប្រពៃណីនិង០១នាក់របួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ៕





មតិយោបល់