កំពង់ចាមៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នាវេលាម៉ោង ២៣និង២០នាទី នៅចំណុចភូមិតាំងជ្រៃ ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម មានករណីឃាតកម្មមួយកើតឡើង ដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាប់ទៅលើឈ្មោះ ឌឿន តូច ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ដែលបានមកចូលរួមពិធីមង្គលការកូនរបស់ឈ្មោះ ភន រ៉ា ភេទប្រុស នៅភូមិតាំងជ្រៃ ឃុំសណ្ដែក ស្រុកបាធាយនេះដែរ ។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីហូបការរួច ជនរងគ្រោះបានដើរចេញពីរោងការទៅយកម៉ូតូរបស់ខ្លួន ដែលផ្ញើទុកនៅនឹងផ្ទះរបស់ឈ្មោះ ភន ម៉ូត ភេទស្រី នៅខាងត្បូងរោងការ ដោយដើរតាមផ្លូវលំបានប្រហែល ៧០ម៉ែត្រ បម្រុងទៅយកម៉ូតូត្រឡប់ទៅផ្ទះវិញ ក៏ត្រូវជនល្មើសលបកាប់នឹងកាំបិតបណ្ដាលឲ្យរងរបួសផ្នែកមុខជាច្រើនកាំបិត រយះកំភួនដៃ និងដាច់កដៃខាងឆ្វេង បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង ។
ដោយភូមិសាស្ត្រកើតហេតុ ស្ថិតតំបន់ដាច់ស្រយាល និងការផ្ដល់ព័ត៌មានមានការយឺតយ៉ាវ ធ្វើឲ្យជនបង្កមានឱកាសរត់គេចខ្លួន ។
ក្រោយទទួលបានសេចក្ដីរាយការណ៍ ពីអធិការនគរបាលស្រុកបាធាយ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានចាត់អោយវរសេនីយ៍ឯក ចាន់ ហោ អនុប្រធានផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត ដឹកនាំកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្ត្រខេត្ត កម្លាំងជំនាញស្រុក ដឹកនាំដោយវរសេនីយ៍ឯក សំ ណាល់ អធិការនគរបាលស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសណ្ដែក ចុះដល់ទីតាំងកើតហេតុធ្វើការស្រាវជ្រាវស៊ើបអង្កេត ជាបន្ទាន់ ។
រហូតដល់ថ្ងៃទី២៥ ខែឆ្នាំដដែល នៅវេលាម៉ោង ២០និង០០នាទី ទើបឈានដល់ការឃាត់ខ្លួនមុខសញ្ញាធ្វើសកម្មភាពម្នាក់ឈ្មោះ តឿន ទុំ ភេទប្រុស អាយុ១៩ឆ្នាំជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ ។
ក្រោយពីបានធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដាវកាប់ទៅលើជនរងគ្រោះ ដែលត្រូវជាបងជីដូនមួយនេះពិតប្រាកដមែន មូលហេតុកាប់ច្រឡំរឿងគំនុំពីថ្ងៃ ជាមួយភ្ញៀវខាងកូនកំលោះ ព្រមទាំងបានដកហូតវត្ថុតាង ដាវចំនួន០១ផងដែរ ។
ខណ:នេះសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកបាធាយ តាមបទបញ្ជារបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត និងកំពុងចងក្រងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ៕

មតិយោបល់