ព័ត៌មានជាតិ

ផ្ទុះមីត ១គ្រាប់ខូចត្រាក់ទ័រស្ទើរទាំងស្រុង បណ្ដាលឲ្យអ្នកបើកបររងរបួសស្រាល នៅស្រុកសំពៅលូន

បាត់ដំបងៈ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទី ចំណុចភូមិស្រះចក ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីផ្ទុះមីនតោនមួយករណីក្នុងពេលដែល បុរសជាអ្នកស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីចម្ការឲ្យគេឈ្មោះ ឌុល គង់ ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅ បច្ចុប្បន្ន ភូមិអូរកណ្ដោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កំពុងបើកបរត្រាក់ទ័រភ្ជួរដីចម្ការមួយកន្លែងជារបស់ឈ្មោះ ពៅ គឹមហ៊ាង ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ កង់ក្រោយត្រាក់ទ័របានជាន់លើមីនតោនមួយគ្រាប់ ដែលកប់ទុកក្នុងដីតាំងពីសម័យសង្រ្គាម បណ្តាលឲ្យផ្ទុះឡើងយ៉ាងកក្រើកដី និងបណ្តាលឲ្យខូចខាតត្រាក់ទ័រស្ទើរទាំងស្រុង តែករណីនេះចាត់ទុកថា ជាមហារសំណាងណាស់ ដែលជងរងគ្រោះគ្រាន់តែទទួលរងរបួសស្រាលតែប៉ុណ្ណោះ។

ភ្លាមៗជនរងគ្រោះ ត្រូវបាននាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ហើយរហូតដល់ពេលនេះស្ថានភាពជនរងគ្រោះបានល្អប្រសើរ រួចផុតពីគ្រោះថ្នាក់ដល់ជីវិតហើយ។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរ បាលស្រុកសំពៅលូនបានបញ្ជាក់ថា ដីចម្ការដែល កើតឧប្បត្តិហេតុផ្ទុះមីនតោននាថ្ងៃនេះ គឺ ជាដីចម្ការដែលម្ចាស់គាត់បានភ្ជួររាស់ដាំដំណាំជា ច្រើនឆ្នាំកន្លងមកហើយ មិនដែលមានឧប្បត្តិហេតុបែបនេះទេ ទើបតែពេលនេះក៏ជួបប្រទះនូវឧប្បត្តិហេតុបែបនេះតែម្តង។

សូមជម្រាបជូនថា ទឹកដីព្រំដែនគឺជាទីតាំងសម្បូរ ភូមិសង្រ្គាមប្រយុទ្ធគ្នា រវាងគាគីខ្មែរពីអតីតកាល ហើយទីនោះនៅបន្សល់ទុកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ កប់នៅក្នុងដីនិងនៅលើដីនៅឡើយ។ យូរៗម្តងឧប្បត្តិហេតុដែល បង្កដោយយុទ្ធភ័ណ្ឌទាំងនេះ តែងបង្កឲ្យកើតនូវសោកនាដកម្មដល់អាយុជីវិត មនុស្សនិងអន្តរាយទ្រព្យសម្បត្តិទៀតផង៕

មតិយោបល់