ព័ត៌មានជាតិ

នគរបាល​​ចាប់​ឃាត់​ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង ​បញ្ចេញ​សំឡេង​លើស​កម្រិត​ខុសច្បាប់​ ១០០​គ្រឿង ​យក​មក​អប់រំ​

​ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្នុង​រយ:ពេល ​៧​ថ្ងៃ​ ដែល​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ​ទទួល​បានការ​ផ្សព្វផ្សាយ​ស្តី​ការ​លុប​បំបាត់​ការ​បង្ក​សំឡេង​រំខាន​លើស​កម្រិត​ដោយ​យានយន្ត​គ្រប់​ប្រភេទ​រួច​ហើ​យ​នោះ​ នគរបាល​រាជធានី​ភ្នំពេញ​ បាន​ចុះ​អនុវត្ត​ចាប់​ឃាត់​ម៉ូតូ ​១០០​គ្រឿង​ កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ខុស​បញ្ចេ​ក​ទេស​បង្ក​ការ​រំខាន​ដល់​ប្រជាពលរដ្ឋ​ ខណ:​ដែល​ឯកឧត្តម​អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​គ​របាល​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ត​ជំរុញ​កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​ និង​កម្លាំង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ ត្រូវ​អនុវត្ត​លុប​បំបាត់​ការ​បង្ក​សំឡេង​រំខាន​លើស​កម្រិត​ដោយ​យានយន្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ចូលរួម​ថែរក្សា​សុវត្ថិភាព​ សណ្តាប់ធ្នាប់​សារ​ធារ​ណ:​ ។​

​សេចក្តីរាយការណ៍​ដឹង​ថា​ ក្នុង​ចំណោម​ម៉ូតូ​ ១០០​គ្រឿង ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​មាន​៦០​គ្រឿង​ ត្រូវ​បាន​នគរបាល​ចាប់​ឃាត់​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​សាធារណ:​ក្នុង​រាជធានី​ភ្នំពេញ​ ចំណែក​៤០​គ្រឿង​ទៀត​ត្រូវ​បាន​នគរបាល​មូលដ្ឋាន​កំណត់​អត្តសញ្ញាណ​ដាក់​ទុក​នៅ​តាម​ខ្នង​ផ្ទះ​ ។​ នៅ​ពេល​កម្លាំង​នគរបាល​ចាប់​ឃាត់​ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ សមត្ថកិច្ច​ក៏​បាន​តម្រូវ​ឱ្យ​ដោះ​បំពង់​ស៊ី​ម៉ាំង​កែ​ច្នៃ​ខុស​បច្ចេកទេស​នោះ​ចេញ​ ដោយ​ឱ្យ​យក​បំពង់​ស៊ី​ម៉ាំង​ដើម​ផលិត​ចេញពី​រោងចក្រ​មក​ដាក់​ប្រើប្រាស់​វិញ​ហើយ​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​នេះ​បន្ត​ទៀត​ ។​

​សូម​បញ្ជាក់​ថា​ ជុំវិញ​នៃ​ការ​អនុវត្តន៍​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ​ស្តី​ពី​ការ​លុប​បំបាត់​ការ​បង្ក​សំឡេង​រំខាន​លើស​កម្រិត​ដោយ​យានយន្ត​គ្រប់​ប្រភេទ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០២១​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​គ​របាល​រាជធានី​ភ្នំពេញ​ បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​នៃ​ការ​អនុវត្ត​វិធានការ​លុប​បំបាត់​ការ​បង្ក​សំឡេង​រំខាន​លើស​កម្រិត​ដោយ​យានយន្ត​គ្រប់​ប្រភេទ​ដែល​មានការ​ចូលរួម​ពី​លោកស្នងការ​រង​ លោកនាយ​ការិយាល័យ​ជំនាញ​និង​លោក​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​ រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ ក៏​បាន​ណែនាំ​ឱ្យ​លោកស្នងការ​រង​ទទួល​ដឹកនាំ​បញ្ជា​ពង្រឹង​ការងារ​តាម​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​ លោក​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​និង​លោកនាយ​ការិយាល័យ​ចរាចរណ៍​ ត្រូវ​ចុះ​អនុវត្ត​សេចក្តីណែនាំ​នេះ​ឱ្យ​បាន​ម៉ឺងម៉ាត់​ និង​ធ្វើ​ជា​ប្រចាំ​ហើយ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ និង​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ​ដោយ​ប្រកាន់ខ្ជាប់​នូវ​ឥរិយាបថ​ ក្រមសីលធម៌​ វិជ្ជាជីវ:​ ចៀសវាង​អនុវត្ត​លើស​ពី​គោលការណ៍​ច្បាប់​ និង​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ​ បង្ក​បញ្ហា​ធ្វើ​ឲ្យ​មានការ​ថ្នាំងថ្នាក់​ និង​រង​ការ​ចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ អំឡុង​ពេល​បំពេញភារកិច្ច​ ។​ ការ​អនុវត្ត​នេះ​ផង​ដែរ​ ត្រូវ​យក​វិធានការ​អប់​រំជា​ចម្បង​ ។​

​ឯកឧត្តម​ ឧត្តម​ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ បាន​លើក​ឡើង​ទៀត​ថា​ ពិត​ណាស់​ហើយ​ការ​អន​វត្ត​នេះ​ គឺ​មាន​ប្រជាពលរដ្ឋ​ខ្លះ​លោក​មិន​សប្បាយចិត្ត​បញ្ចេញ​ទស្សន:​តាម​បណ្តាញ​ព័ត៌មាន​សង្គម​រិះគន់​សមត្ថកិច្ច​ដោយ​កា​រិះគន់​នោះ​មិន​យល់​អំពី​ច្បាប់​ និង​ការ​បង្ក​ផល​ប៉ះពាល់​រំខាន​ដល់​សិទ្ធិ​អ្នក​ដទៃ​ និង​ការ​ប៉ះពាល់​សណ្តាប់ធ្នាប់​ សុវត្ថិភាព​សាធារណ:​ និង​បរិស្ថាន​ ថែម​ទៀត​ផង​ ។​

​ជុំវិញ​វិធានការ​នេះ​ផង​ដែរ​ ឯកឧត្តម​អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ក៏​បាន​ណែនាំ​ឱ្យ​ចុះ​ត្រួតពិនិត្យ​កំណត់​គោលដៅ​ទីតាំង​ដែល​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​យានយន្ត​គ្រប់​ប្រភេទ​ខុស​បច្ចេកទេស​ ខុសច្បាប់​និង​ធ្វើ​បញ្ជី​ឱ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​ងាយស្រួល​ដល់​ការ​គ្រប់គ្រង​និង​អប់រំ​ឱ្យធ្វើ​កិច្ចសន្យា​ដល់​ម្ចាស់​ទីតាំង​បញ្ឈប់​សកម្មភាព​ ៕

មតិយោបល់