ព័ត៌មានជាតិ

កម្លាំងនគរបាលបំបែកសំណុំរឿង ករណីជនជាតិចិនបាញ់សម្លាប់ជនជាតិចិនដូចគ្នា ដោយឃាត់ខ្លួនជនសង្ស័យ ៣នាក់

ព្រះសីហនុ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគបាលខេត្តព្រះសីហនុ ប្រតិបត្តិការរយ:ពេល ១០ម៉ោង កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវឈានទៅដល់ការចាប់ជនសង្ស័យ ៣នាក់ និងតាមចាប់ខ្លួនបក្ខពួកដែលនៅសេសសល់មួយចំនួនទៀត។ ក្រៅពីការឃាត់ខ្លួនមនុស្ស ៣នាក់ សមត្ថកិច្ចបានរកឃើញរថយន្តដែលជិះធ្វើសកម្មភាព និងថ្នាំញៀនមួយចំនួនថែមទៀត។

លោកស្នង បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះថា ជនសង្ស័យម្នាក់ និងគូកន ត្រូវបានកម្លាំងនគរបាលជំនាញខេត្តចាប់ខ្លួនកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។

ជនរងគ្រោះឈ្មោះ ផេង ស៊ូ ភេទប្រុស ជនជាតិចិន អាយុ ២៨ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់ត្រូវមួយគ្រាប់ចំលើដោះខាងឆ្វេងបណ្តាលឲ្យស្លាប់ភ្លាមៗនៅក្នុងរថយន្ត។

គួររំលឹកថាកាលពីព្រឹកថ្ងៃទី២១ ខែមករា មានករណីឃាតកម្មបាញ់សម្លាប់ជនជាតិចិន នៅចំណុចនៅក្នុងមុខកាស៊ីណូ ជីយវនីសិន តាមបណ្តោយផ្លូវសណ្ឋារគារឯករាជ្យ ស្ថិតនៅភូមិ១ សង្កាត់៣ក្រុង-ខេត្តព្រះសីហនុ។ ឃាតកម្មនេះបង្កឡើងដោយជនល្មើសមិនស្គាល់អត្តសញ្ញាណជិ:រថយន្តពីរគ្រឿង។ ក្នុងនោះ ជនល្មើសជិះរថយន្តម៉ាក Ford Raptors ពណ៌ខ្មៅ ពាក់ផ្លាកលេខ: ភ្នំពេញ 2BI-1413 បានធ្វើសកម្មភាពបើកដេញតាមរថយន្តម៉ាក RANGE ROVER ពណ៌ខ្មៅ ផ្លាកលេខ 2AL-9459 (រថយន្តជនរងគ្រោះ)។ លុះដល់ចំណុចកើតហេតុជនល្មើសបានបើករថយន្តទៅអែបនឹងរថយន្តរបស់ជនរងគ្រោះរួចបានបាញ់ទៅលើជនរងគ្រោះបណ្តាលឲ្យត្រូវជនរងគ្រោះស្លាប់ភ្លាមៗនៅក្នុងរថយន្តតែម្តង ៕

មតិយោបល់