ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបចាប់ខ្លួនជនសង្ស័យក្រុមរត់ម៉ូតូឌុប០៦នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខុសច្បាប់ និងវត្ថុតាងគ្រឿងញៀន០៩កញ្ចប់តូចនិងធំ នៅខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
ប្រតិបត្តិការខាងលើ កម្លាំងបានធ្វើឡើងជាបន្តបន្ទាប់រយៈពេល០២ថ្ងៃគឺនៅថ្ងៃទី២៤និង២៥ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ឱ្យដឹងថា កម្លាំងនគរបាលការិយាល័យជំនាញចេញប្រតិបត្តិការបង្ក្រាបជនសង្ស័យគ្រឿងញៀន០៦នាក់ដោយបានស្រាវជ្រាវស៊ើបអង្កេតយ៉ាងជាក់លាក់ និងឈានទៅបង្ក្រាបចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់កំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀន ។
លោកនាយការិយាល័យបន្តថា ក្រោយពីប្រជាពលរដ្ឋប្តឹងរាយការណ៍មក កម្លាំងសមត្ថកិច្ចអំពីសម្មភាពនៃការជួញដូរគ្រឿងញៀនខុសច្បាប់នៅក្នុងភូមិសាស្ត្រសង្កាត់ស្វាយប៉ាក ។ មុនដំបូងកម្លាំងជំនាញចុះបង្ក្រាបជាក់ស្តែង ករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចផ្លូវបេតុង ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សៅ យូសុះ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ។ ក្នុងការឃាត់ខ្លួននោះ កម្លាំងបានដកហូតវត្ថុតាងថ្នាំក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៥កញ្ចប់(ធំល្មម០២ តូច០៣) និងម៉ូតូ០១គ្រឿង ។
បន្តមកទៀត ដោយបានការអនុញ្ញាតសម្របសម្រួលនីតិវិធីពីលោក ឡុង ជាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងបន្តធ្វើរដ្ឋបាលនៅចំណុចភូមិលូ សង្កាត់ស្វាយប៉ាក ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ថែមទៀត និងដកហូតវត្ថុតាងថ្នាំក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៤កញ្ចប់តូច ជារបស់ឈ្មោះ ឃីម ប៊ុនណាក់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ (រក្សាទុក) និងម៉ូតូ០៤គ្រឿង។
លោកនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនឱ្យដឹងទៀតថា ការបង្ក្រាបជនសង្ស័យគ្រឿងញៀនទាំងនេះគឺអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញនូវផែនការ និងទិសដៅការងារដល់កម្លាំងការិយាល័យជំនាញត្រូវសហការជាមួយកម្លាំងនគរបាលតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ សង្កាត់ក្នុងរាជធានីភ្នំពេញ ធ្វើយ៉ាងណាអនុវត្តវិធានការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀននេះឱ្យមានប្រសិទ្ធភាព ទាំងសម្មភាពបទល្មើសជាទ្រង់ទ្រាយតូច និងធំ ពីព្រោះបទល្មើសគ្រឿងញៀនបានបង្កឱ្យប៉ះពាល់អសន្តិសុខសណ្តាប់ធ្នាប់សង្គមជាខ្លាំង ។
ជនសង្ស័យគ្រឿងញៀនទាំង០៦នាក់ និងវត្ថុតាងគ្រឿងញៀន នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ត្រូវបានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕


មតិយោបល់