ព័ត៌មានជាតិ

បង្ហាញមុខជនសង្ស័យ៧នាក់ ក្រោយធ្វើសកម្មភាព កាប់សិស្សថ្នាក់ទី១២ រៀននៅសាលាបឹងកេងកង បណ្តាលឲ្យស្លាប់

ភ្នំពេញៈ ជនសង្ស័យចំនួន០៧នាក់ ក្នុងចំណោមបក្ខពួកមានគ្នា ០៩នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការរដ្ឋាននគរបាល ខណ្ឌជ្រោយចង្វា ឃាត់ខ្លួនបានជាបន្តបន្ទាប់ យកមកបង្ហាញមុខនាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វា ពាក់ព័ន្ធទៅនឹងករណីអំពើឃាតកម្ម កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២០ និង៣០នាទី នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះស្ពានទី១១ និងស្ពានទី១២ ស្ថិតក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ដោយក្រុមជនល្មើស ប្រើដាវកាប់ត្រូវក្បាលជនរងគ្រោះ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ជនរងគ្រោះដែលស្លាប់បាត់បង់ អាយុជីវិតមានឈ្មោះ សៅ ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ជាសិស្សថ្នាក់ទី១២វិទ្យាល័យបឹងកេងកង មានទីលំនៅក្នុងបុរីសេរីមង្គល សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល រងរបួសក្បាលជាទម្ងន់ ហើយបានបាត់បង់ជីវិត ពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត ។ ចំណែកក្រុមជនល្មើសទាំង០៧នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ ចាប់ខ្លួនបានជាបន្តបន្ទាប់៖

ជនសង្ស័យទី១ ឈ្មោះ ហម ណារ័ក្ស ហៅអាគោ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខផ្លូវលំ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ជាជនដៃដល់ជាអ្នកយកដាវកាប់ ។

ជនសង្ស័យទី២ឈ្មោះ ហុក សំណាង ហៅប៊ឹត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទូលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខផ្លូវបេតុង ភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរសិស្ស ។

ជនសង្ស័យទី៣ឈ្មោះ ដួង ចំរើន ហៅវីត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១១ផ្លូវជាតិលេខ៦A ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរសិស្ស ។

ជនសង្ស័យទី៤ឈ្មោះ ឆៃ អៀងឡេង ហៅឆ្នាំង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងបុរីឌឹផ្លរាផ្ទះលេខ៦៦ ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរអ្នករត់តុ ។

ជនសង្ស័យទី៥ឈ្មោះ ស្រៀន គឹមឡុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខផ្លូវជាតិលេខ៦A ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរសិស្ស ។

ជនរងគ្រោះទី៦ឈ្មោះ ផា តុងហេង ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខផ្លូវជាតិលេខ៦A ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរនៅផ្ទះ ។

ជនសង្ស័យទី៧ឈ្មោះ ទិត្យ ឆានុត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខផ្លូវលំភូមិឈើទាល ឃុំព្រែកអញ្ជាញ ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរជាងបៀកថ្នាំ ។

ជនសង្ស័យទី៨ឈ្មោះ ហេង ធារា ហៅឡា ភេទប្រុស អាយុ២០ឆ្នាំ (គេចខ្លួន) ។
ជនសង្ស័យទី៩ឈ្មោះ ហេង អាយុប្រហែល១៧ឆ្នាំ (គេចខ្លួន) ។

យោងតាមរបាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ជនសង្ស័យទាំង០៩នាក់ បាននាំគ្នាអង្គុយផឹកស៊ីនៅលើសួនច្បារ តាមបណ្ដោយផ្លូវជាតិលេខ6 ខណៈផឹកស៊ីអស់រយៈពេលជាច្រើនម៉ោង ក៏បានប្រទះឃើញជនរងគ្រោះមានគ្នាជាង១០នាក់ បានជិះម៉ូតូកាត់មុខខ្លួនភ្លាមនោះ ក្រុមជនសង្ស័យបានជិះម៉ូតូដេញតាមពីក្រោយ តាមទាន់ម៉ូតូជនរងគ្រោះ ហើយទាញដាវកាប់សំដៅទៅលើជនរងគ្រោះ ឈ្មោះ សៅ ពិសិដ្ឋ ចំក្បាល និងយកដុំថ្មគប់ថែមទៀត បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយក៏បានព្យាយាមជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលម៉ែត តែជាអកុសលរបួសធ្ងន់ធ្ងរពេក ក៏បានដាច់ខ្យល់ស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត ។

ក្រោយមកជនឪពុកជនរងគ្រោះ បានដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ក៏បានបើកការស្រាវជ្រាវ ឃាត់ខ្លួនក្រុមជនល្មើសទាំង០៧នាក់ ចាប់ខ្លួនជាបន្តបន្ទាប់នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៦ ដោយចាប់ផ្តើមចេញពីភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកភ្នៅ ហើយបន្តទៅភូមិក្តីចាស់ សង្កាត់បាក់ខែង និងបញ្ចប់ការចាប់ខ្លួន នៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ មកអធិការរដ្ឋាន ដើម្បីសួរនាំកសាងសំណុំរឿង និងស្វែងរកបក្ខពួកគ្នាពីរនាក់ទៀត ដែលកំពុងរត់ខ្លួនពីសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវបន្ត ។

តាមចម្លើយសារភាព របស់ជនដៃដល់ឈ្មោះ ហន ណារ័ក្ស បានសារភាពថា ខ្លួនគពិតជាបានកាប់ទៅលើជនរងគ្រោះឈ្មោះ សៅ ពិសិដ្ឋ ប្រាកដមែនដោយសារការយល់ច្រឡំថា ជាក្រុមដែលកាប់ខ្លួនកាលពីថ្ងៃមុន ។

បច្ចប្បន្នជនសង្ស័យទាំង៧នាក់ខាងលើ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា និងកសាងសុំនុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី ៕

មតិយោបល់