ភ្នំពេញៈ សម្តេចចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានផ្តល់អនុសាសន៍ដល់ឯកអគ្គរាជទូតកម្ពុជា ដែលទើបតែងតាំងថ្មី ប្រចាំប្រទេសចំនួន៥ឲ្យបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិលើគ្រប់វិស័យ និងខិតខំលើកកម្ពស់ កិត្យានុភាពកម្ពុជា។
ការផ្តល់អនុសាស្ត្ររបស់សម្តេចប្រធានរដ្ឋសភានេះធ្វើឡើងក្នុងឱកាសអនុញ្ញាតឲ្យឯកអគ្គរាជទូតកម្ពុជា ដែលទើបតែងតាំងថ្មីប្រចាំប្រទេសគុយបា សហព័ន្ធរុស្ស៊ី វៀតណាម មីយ៉ាន់ម៉ា និងប្រទេសប្រុយណេដារ៉ុស្សាឡាម ចូលសម្តែងការគួរសម និងជម្រាបលាទៅបំពេញបេសកកម្មការទូតនោះនាព្រឹកថ្ងៃទី១២ សីហា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។
ប្រភពពីឯកអគ្គរាជទូតថ្មីកម្ពុជា ដែលត្រូវបំពេញបេសកកម្មការទួតនេះ បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបន្ទាប់ជំនួបនោះបានបញ្ចប់ថា សម្តេចចក្រីបានជំរុញដោយផ្តោសំខាន់ឲ្យបង្កើនកិច្ចសហប្រតិបត្តិការរួមមាន វិស័យនយោបាយ ការបរទេស វិស័យពាណិជ្ជកម្ម វិស័យវប្បធម៌ និងវិស័យផ្សេងៗទៀត និងត្រូវផ្សព្វផ្សាយ ពីសក្តានុពល និងស្ថិរភាពរបស់កម្ពុជា ជាមួយប្រទេសដែលត្រូវបំពេញបេសកកម្មការទួតនោះ ដើម្បីទាក់ទាញអ្នកវិនិយោគ និងទេសចរណ៍ឲ្យមកកាន់ប្រទេសកម្ពុជាឲ្យបានច្រើន។ សម្តេចផ្តាំផ្ញើដោយសង្កត់ធ្ងន់ ឲ្យខិតខំលើកកិត្យានុភាពប្រទេសជាតិលើឆាកអន្តរជាតិ។
លោក សុក ជា ដែលត្រូវតែងតាំងជាឯកអគ្គរាជទូតថ្មីកម្ពុជា ប្រចាំប្រទេសសហភាពមីយ៉ាន់ម៉ាបានបញ្ជាក់ថា នឹងខិតខំធ្វើជាអ្នកការទូតដ៏ល្អដើម្បីលើកកម្ពស់ កិត្យានុភាពប្រទេសកម្ពុជា។
សមាសភាពឯកអគ្គរាជទូត ដែលទើបតែងតាំងថ្មីកម្ពុជាប្រចាំចំនួន៥នោះមាន លោក ហេង សុខផល ជាឯកអគ្គរាជទូតប្រចាំគូបា។ លោក កែរ វិសិដ្ឋ ឯកអគ្គរាជទូត ប្រចាំប្រទេសរុស្ស៊ី។ លោក ប្រាក់ជួនហុង ជាឯកអគ្គរាជទូត ប្រចាំប្រទេសវៀតណាម។ លោក សុក ជា ឯកអគ្គរាជទូត ប្រចាំប្រទេសមីយ៉ាន់ម៉ា។ លោក អ៊ុក ចាន់ដារ៉ាឯកអគ្គ រាជទូត ប្រចាំប្រទេសប្រុយណេដារ៉ុស្សាឡាម៕








មតិយោបល់