បងប្អូនប្រុងប្រយ័ត្ន! មន្ត្រីជំនាញរកឃើញ ទឹកសូដា ទឹកស៊ីវអ៊ីវខាប់ ស្ករគ្រាប់ ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់

ត្បូងឃ្មុំៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តត្បូងឃ្មុំដោយមានការសហការ ពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ ស្ថិតក្នុងផ្សារអូររាំងឪ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញ ធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។ គោលដៅសំខាន់នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវទប់ស្កាត់ ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់រួមមាន៖
-ភេសជ្ជៈចំណុះ ៣៣០មីលីលីត្រ ចំនួន ៧កំបុង
-ទឹកសូដាចំណុះ ៥០០មីលីលីត្រ ចំនួន ២ដប
-ទឹកស៊ីវអ៊ីវខាប់ចំណុះ ៥០០មីលីលីត្រ ចំនួន ២ដប
-ស្ករគ្រាប់ទម្ងន់ ០.៥គីឡូក្រាម ចំនួន ១កំប៉ុង

បន្ទាប់មក មន្ត្រីសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕

មតិយោបល់