សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ កែច្នៃគ្រាប់បែកយកទៅបោកត្រី ខុសបច្ចេកទេសបណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៨និង០០នាទីល្ងាច ស្ថិតក្នុងភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោកវរសនីយ៍ឯក រៀម រតនា នាយការិយាល័យអាវុធជាតិផ្ទុះ បានឲ្យដឹងថាជនរងគ្រោះឈ្មោះ នួន សឿង ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប មុខរបរជា មន្រ្តីយោធា នៅការិយាល័យកាំភ្លើងធំ តួនាទីជំនួយការការិយាល័យកាំភ្លើងធំ កងពលធំអន្តរគមន៍លេខ២ (ឋានន្តរសក្ដិ វរសេនីយ៍ត្រី) បានច្នៃគ្រាប់យកទៅបោកត្រី បណ្តាលអោយរងរបួស ដៃទាំងសងខាងត្រង់ផ្ទៃមុខ និងដៃរបួសធ្ងន់។
ក្រោយកើតហេតុសមត្ថកិច្ចបាន បញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប ហើយកម្លាំងជំនាញបានទៅឆែកឆេរនៅផ្ទះ ជនរងគ្រោះឈ្មោះ នួន សឿង បាន ឃើញគ្រាប់ ប្រភេទបាញ់យន្ដហោះ២៣មីលីម៉ែត្រ, សម្បកគ្រាប់ចំនួន៣០គ្រាប់ , គ្រាប់មិនទាន់ផ្ទុះ ចំនួន២៥គ្រាប់ និង០១កេស, ក្បាលគ្រាប់ ចំនួន០៧គ្រាប់ (២៣មមីលីម៉ែត្រ)។
ចំពោះគ្រាប់ទាំងអស់សមត្ថកិច្ចការិយាល័យជំនាញបានរាយការណ៍ជូនអង្គភាពជំនាញកងឯកភាពកម្ចាត់ទី៤CMACប្រចាំខេត្តសៀមរាបរង់ចាំមកទទួលយកទៅកម្ទេចចោល ៕
មតិយោបល់