ភ្នំពេញៈ ករណីអគ្គិភ័យឆាបឆេះ នៅឃ្លាំងមួយកន្លែង ដែលស្តុកវត្ថុធាតុដើមមានអាកុល សាំងក្រអូប និងសម្ភារ:ផ្សេងៗទៀត ត្រូវខ្ទេចស្ទើតែទាំងស្រុង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨ និង៤០នាទីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវរថភ្លើង ក្នុងភូមិត្រាញ់តាបាញ់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា ឃ្លាំងខាងលើ គឺជាឃ្លាំងរបស់ជនជាតិចិន ដែលជួលសម្រាប់ស្តុកនូវវត្ថុធាតុដើម មានដូចជា អាល់កុល សាំងក្រអូប និងវត្ថុធាតុដើមជាច្រើនទៀត ដោយទីតាំងខាងលើ ជួលរយៈពេលជាង១ ឆ្នាំទៅហើយ ហើយមកដល់ព្រឹកថ្ងៃកើតហេតុ ក៏ឮសូរសំឡេងផ្ទុះចេញពីក្នុងឃ្លាំង ក្លាយជាអណ្ដាតភ្លើងខ្មួលខ្មាញ់ចេញពីក្នុងឃ្លាំងខ្លាំងឡើងៗ ក៏បង្កការភ្ញាក់ផ្អើល បានរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ចុះជួយអន្តរាគមន៍ភ្លាមៗ ។
ក្នុងកិច្ចប្រតិបត្តិការខាងលើ មានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចុះជួយអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើរយៈពេលប្រហែល២ម៉ោង ទើបអគ្គិភ័យខាងលើ ត្រូវគ្រប់គ្រងបាន និងរលត់ជាស្ថាពរ ។
ហេតុការណ៍ខាងលើនេះ ពុំបង្កឲ្យនរណាម្នាក់ រងរបួសនោះទេ គឺរងការខូចខាតឃ្លាំង និងវត្ថុធាតុដើមជាច្រើនតែប៉ុណ្ណោះ ៕















មតិយោបល់